ក្រុមការងារមន្ទីរធនធានទឹកខេត្តព្រៃវែង បន្តអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជាង ១.៧០០ ហិកតា
25-01-2016 17:54
(ព្រៃវែង)៖ ដំណាំស្រូវប្រាំងជួបកង្វះខាតទឹកចំនួន ១.៧៥៧ ហិកតា ត្រូវបានក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះអន្តរាគមន៍បូមទឹកសង្គ្រោះ ។
លោក ជុំ សុភី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានប្រាប់ឱ្យដឹងនាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៦ នេះថា ផ្ទៃដីដំណាំស្រូវប្រាំង ដែលកំពុងខ្វះខាតទឹកខាងលើនេះ ស្ថិតក្នុងឃុំអង្គរអង្គ ស្រុកពាមជរ ចំនួន ៧៥៧ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ចំនួន ១២០ ហិកតា ឃុំពាមរក៏ និងឃុំបន្លិចប្រាសាទ ស្រុកពាមរក៏ ចំនួន ៨៨០ ហិកតា។ ការងារអន្តរាគមន៍សង្គ្រោះដំណាំស្រូវប្រាំងទាំងនេះ គឺយើងប្រើប្រាស់ម៉ាស៊ីនស្ថានីយបណ្តែតទឹក ចំនួន ០៦ គ្រឿង និងម៉ាស៊ីនបូមទឹកខ្នាតមធ្យមកម្លាំង ៦៥ សេះ ចំនួន ០១ គ្រឿង ។
លោកប្រធានមន្ទីរ បានបន្តថា មកដល់ពេលនេះ ផ្ទៃដីដំណាំស្រូវប្រាំងដែលបាន និងកំពុងជួបកង្វះខាតទឹកនៅទូទាំងខេត្តព្រៃវែង សរុបមានចំនួន ៩.២០០ ហិកតា ស្ថិតក្នុងស្រុកចំនួន ៨ រួមមាន ស្រុកពាមរក៏ ពាមជរ ពារាំង ស្វាយអន្ទរ ពោធិរៀង បាភ្នំ ស៊ីធរកណ្តាល និងស្រុកព្រះស្តេច ។ តាមរយៈនៃការអន្តរាគមន៍របស់យើង ផ្ទៃដីជួបកង្វះខាតទឹកទាំងនេះ ត្រូវបានសង្គ្រោះជាបន្តបន្ទាប់ ហើយមួយចំនួនត្រូវបានប្រមូលផលរួចរាល់ ដោយទទួលបានទិន្នផលយ៉ាងល្អប្រសើរ៕