(កំពត)៖ ជនដៃដល់ពិតប្រាកដ ដែលពាក់ព័ន្ធករណី រំលោភ រួចសម្លាប់កុមារីរងគ្រោះ អាយុ១៤ឆ្នាំម្នាក់ នៅក្នុងស្រុកឈូកនោះ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្ត កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពត បានប្រាប់ភ្នាក់ងារ Fresh News ថា ជនសង្ស័យ ឈ្មោះសាត ណូ អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។
មន្ត្រីនគរបាលបានបញ្ជាក់ថា ករណីរំលោភសម្លាប់លើក្មេងស្រីរងគ្រោះ បានកើតឡើង កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ចំណុចវាលស្រែ ស្ថិតក្នុងភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក រឿងនេះនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ទើបសាកសពបានរកឃើញ។
តាមរយៈប្រមូលព័ត៌មានបឋម និងវត្ថុតាងដែលប្រមូលបាននៅកន្លែងកើតហេតុ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្ស២នាក់,ទី១-ឈ្មោះ ថន រ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ និង ទី២-ឈ្មោះទូច ចន្ថា ហៅទុយ ភេទប្រុស អាយុ១៨ឆ្នាំ ទាំងពីរនាក់នេះ រស់នៅភូមិ ឃុំខាងលើនេះដែរ។
ក្រោយសាកសួរចម្លើយ និងស្រាវជ្រាវ ឃើញថា មនុស្ស២នាក់នេះ មិនពាក់ព័ន្ធក្នុងករណីរំលោភសម្លាប់លើជនរងគ្រោះនោះទេ ហើយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏បានយល់ព្រមឲ្យវិលត្រឡប់ទៅផ្ទះវិញ គឺឈ្មោះថន រ៉ាត់ ឲ្យចេញទៅផ្ទះនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ និងឈ្មោះទូច ចន្ថា ហៅទុយ ឲ្យចេញទៅផ្ទះនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦។
ការប្រមូលភ័ស្តុតាងចុងក្រោយ កម្លាំងសមត្ថកិច្ចជំនាញ បានកំណត់នូវមុខសញ្ញាមួយជាក់លាក់ ហើយក៏ឈានទៅធ្វើការឃាត់ខ្លួនជនដៃដល់ពិតប្រាកដ ឈ្មោះសាត ណូ ខាងលើ នាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
គួររំលឹកថា ករណីរំលោភសម្លាប់លើកុមារីរងគ្រោះ ត្រូវបានគេប្រទះឃើញ កាលពីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ចំណុចខាងលើ ខណៈចេញទៅរៀននៅសាលា ហើយត្រូវបាត់ខ្លួនអស់
ចំនួន២យប់ មិនឃើញវិលត្រឡប់មកផ្ទះវិញ ហើយត្រូវបងប្អូនដើររុករកតែមិនឃើញសោះ៕
កុមារងគ្រោះជាក្មេងកំព្រាម្តាយ មានឪពុក ក្នុងមុនថ្ងៃកើតហេតុជាប់រវល់ទៅលេងបងប្អូននៅឯ
ខេត្តក្រៅ។