(ភ្នំពេញ)៖ នារីវ័យក្មេងដែលបង្ហោះរូបភាពប្រមាថ សម្តេចតេជោ ហ៊ុន សែន នៅលើ Facebook គិតត្រឹមវេលាម៉ោង ប្រមាណ៥៖២០នាទីល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតក្រោមការសាកសួរនៅឡើយ នៅនាយកដ្ឋានសន្តិសុខ ផ្ទៃក្នង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយបើសិនរកឃើញថា គ្មានជាប់ពាក់ព័ន្ធនោះ នឹងត្រូវដោះទៅវិញ នេះបើយោងតាម លោក សារ៉ាន កំសត់ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃនេះ។
ឧត្តមសេនីយ៌អ្នកនាំពាក្យ បានបញ្ជាក់ថា «យើងកំពុងសួរនាំបន្ត ហើយបើសួរទៅអត់ពាក់ព័ន្ធទេ យើងនឹងដោះលែងទៅវិញ»។
សូមបញ្ជាក់ថា កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនស្រ្តីវ័យក្មេង ដែលបង្ហោះរូបភាពប្រមាថសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅលើ Facebook ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ នៅក្រសួងមហាផ្ទៃ។ សមត្ថកិច្ចបានថ្លែងឲ្យដឹងថា ការចាប់ឃាត់ខ្លួនមកទៅសួរនាំនេះ ធ្វើឡើងនៅចំណុចភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, វេលាម៉ោងប្រមាណ ៨៖៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា កម្លាំងសមត្ថកិច្ចនឹងតាមស្វែងរកបក្ខពួក៤-៥នាក់ទៀត។
នារីវ័យក្មេងរូបនេះមានឈ្មោះ ដែលឃើញនៅលើសៀវភៅធនាគារ Aclida គឺ ដេត ម៉េងគាង៕