(កណ្តាល)​​៖​​​​​​​​ បុរសម្នាក់ ដែលគេស្គាល់ថា ជាមេភូមិបានខ្យល់គរស្លាប់ ខណៈចេញពីផ្ទះទៅលើកលប នាព្រឹកព្រលឹមថ្ងៃទី២៥​ ខែមករា​ឆ្នាំ២០១៦នេះ ​​​​ត្រង់ចំណុចភូមិពាមរាំងក្រោម​ ឃុំពាមរាំង ស្រុកលើកដែក ខេត្ត​កណ្តាល​។ ​តាមសំដីមន្ត្រីប៉ូលីសស្រុកលើកដែក បានប្រាប់ឲ្យដឹងថា លោកមេភូមិដែលត្រូវខ្យល់គស្លាប់នោះ មានឈ្មោះ ឆឹង​​ គឹមស្រ៊ី ភេទប្រុស​ មុខរបរជាមេភូមិ​​ និងមានទីលំ​​នៅភូមិ​​ព្រែកឫស្សី​ ឃុំកំពង់កុង ស្រុកលើកដែក​​ ខេត្ត​កណ្តាល។

​ប្រពន្ធ​បុរសរងគ្រោះបានរៀបរាប់ប្រាប់ថា​​​​​​ នៅមុនពេលកើតហេតុ ម៉ោងប្រមាណជា៦ព្រឹក គឺប្តីរបស់គាត់ចេញទៅលើកលប នៅចំណុចកើតហេតុ​ដូចសព្វមួយដង​​មិនដែលមានបញ្ហាអ្វីនោះទេ​​ តែស្រាប់តែនៅព្រឹកនេះ​​​ ប្តីរបស់គាត់កំពុងតែឈរលើទូក​​​ រៀបឱនលើកលប​ ក៏ស្រាប់តែដាំដូងផ្កាប់មុខធ្លាក់ចូល ទៅក្នុងទឹកបណ្តាលឲ្យ ឈ្លក់ទឹកស្លាប់តែម្តងទៅ។​​​​​  

បន្ទាប់មកគ្រួសារជនរងគ្រោះ បានផ្តល់ដំណឹងនេះទៅឲ្យខាងកម្លាំងមន្ត្រី ជំនាញចុះមកពិនិត្យលើសព ហើយមន្ត្រីជំនាញ បានពិនិត្យរួច និងបានបញ្ជាក់ប្រាប់ថា លោកមេភូមិពិតជាស្លាប់ ដោយសារខ្យល់គ​ ពិតប្រាកដមែន ហើយសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕