(ភ្នំពេញ)៖ គណៈកម្មាធិការគាំទ្រ គណបក្សសង្រ្គោះជាតិ នៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង (សហរដ្ឋអាមេរិក) បានប្រកាសថា ពួកគេមិនមានគម្រោងធ្វើបាតុកម្មប្រឆាំង សម្តេចតេជោ ហ៊ុន សែន ក្នុងពេលទស្សនកិច្ចនៅកាលីហ្វ័រញ៉ា នៅខែកុម្ភៈខាងមុខនេះនោះទេ។
ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីមានការជូនដំណឹងតាម Facebook របស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក អំពីគម្រោងការណ៍ធ្វើបាតុកម្មប្រឆាំង សម្តេចតេជោ ហ៊ុន សែន នៅពេលទៅចូលរួមកិច្ចប្រជុំ អាមេរិក-អាស៊ាន នៅពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ ហើយសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបវិញដោយព្រមានថា ក៏នឹងបាតុកម្មមួយនៅប្រទេសកម្ពុជា ដើម្បីប្រឆាំងមេដឹកនាំ គណបក្សប្រឆាំងវិញដូចគ្នា។
កាលពីខែកញ្ញា ឆ្នាំ២០១៥ នៅពេលសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក ក៏មានមនុស្សមួយក្រុម ធ្វើបាតុកម្មប្រឆាំងនឹងសម្តេចដែរ ហើយគណបក្សសង្រ្គោះជាតិអះអាងថា ពុំមានការពាក់ព័ន្ធនឹងបាតុកម្មនេះទេ ប៉ុន្តែក្រោយមកក៏មានករណីធ្លាយ ឯកសារផ្ទៃក្នុងថា គណបក្សសង្រ្គោះជាតិ បានចំណាយថវិកា នៅក្នុងការធ្វើបាតុកម្មនោះ។
សូមជំរាបថា គណបក្សសង្រ្គោះជាតិ នឹងប្រជុំគណៈអចិន្រ្តៃយ៍របស់ខ្លួន ក្រោមការដឹកនាំរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅល្ងាចថ្ងៃទី២៥ ខែមករានេះ ដើម្បីប្រកាសជំហរមិនគាំទ្រ ចំពោះបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន ផងដែរ៕