(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ ការដ្ឋានសាងសង់ផ្លូវរបស់មន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំង ដែលប្រព្រឹត្តទៅក្រោមវត្តមាន លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ត្រូវបានអាក់ខានដំណើរការ ខណៈគ្រឿងចក្រកំពុងធ្វើសកម្មភាព ឈូសឆាយបើកការដ្ឋាន នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ស្រាប់តែមានក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន៣គ្រួសារទៅរារាំង មិនឲ្យអាជ្ញាធរធ្វើ ដោយបង្ហាញមូលហេតុថា ប៉ះពាល់ផ្ទះរបស់ពួកគេ ចំនួន៣ផ្ទះ។
លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការអភិវឌ្ឍន៍ផ្លូវនេះ មានទទឹងបាត៣០ម៉ែត្រ ខ្នងលើ១០ម៉ែត្រ ប្រវែងជាង៤គីឡូម៉ែត្រ ចាប់ពីភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង រហូតដល់ភូមិទី១ សង្កាត់ខ្សាម ចេញមកផ្លូវជាតិលេខ៥។
ការដ្ឋាននេះត្រូវបានផ្អាក ជាបណ្តោះអាសន្នភ្លាមៗ និងដកថយនៅវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃដដែលនេះ។
ការផ្អាកជាបណ្តោះអាសន្ននោះ បានកើតឡើងដោយសារតែ មានក្រុមសកម្មជន៣គ្រួសារ របស់គណបក្សសង្គ្រោះជាតិប្រតិកម្មតវ៉ា នៅក្នុងនោះគេឃើញវត្តមានលោក ចិត្រា ដែលជាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង មកពីគណបក្សសង្គ្រោះជាតិ កំពុងជួបសកម្មជនរបស់ខ្លួន និងរៀបចំឲ្យមានការតវ៉ានេះមួយនេះ។
យ៉ាងណាក៏ដោយ អាជ្ញាធរខេត្ត មិនទាន់អាចបញ្ជាក់ថា តើនឹងចាប់ផ្តើមការងារមួយនេះ នៅថ្ងៃណានោះទេ ដោយរង់ចាំការដោះស្រាយបញ្ហា ជាមួយក្រុមសកម្មជនទាំងនោះសិន៕