(រតនគិរី)៖ លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គដ្ឋានគយ និងរដ្ឋាករ តំណាងលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញប្រកាសតែងតាំងលោក ហ៊ាល ទូច ជាប្រធានសាខាគយ និងរដ្ឋាករថ្មីខេត្តរតនគិរី នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។
ពិធីនេះប្រព្រឹត្តក្នុងសាលប្រជុំសាលាខេត្តរតនគិរី ដោយមានការចូលរួមពីលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក លន់ សុភាព អភិបាលខេត្តស្តីទី ព្រមទាំងមន្ត្រីគយ និងរដ្ឋាករ, អភិបាលក្រុង-ស្រុក, តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ហ៊ាក ទូច ដែលទើប្រកាសឡើងកាន់តំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តថា នឹងបន្តគោរពឲ្យបាននូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ, មានសាមគ្គីភាពផ្ទៃក្នុងចេះសហការគ្នាក្នុងការបំពេញការងារ ដើម្បីសម្រេចបាននូវលទ្ធផលរួមជូនអង្គភាពរបស់ខ្លួន, បន្តពង្រឹងឲ្យបានលក្ខណៈទាំង៤របស់មន្ត្រីរាជការស៊ីវិលគឺ ឆន្ទះ ម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធ៌មសេវាសាធារណៈ, ខិតខំពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការងារជំនាញ ដែលខ្លួនទទួលបន្ទុកព្រមទាំងបន្តរៀនសូត្រនូវចំណេះដឹងបន្ថែមទៀត។
លោក នួន ច័ន្ធរិទ្ធ បានថ្លែងថា ការផ្លាស់ប្តូរ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាលស្របតាមគោលនយោបាយជាតិ។
លោកថា សាខាគយ និងរដ្ឋាករខេត្តរតនគិរី ថ្វីត្បិតមិនអាចរកចំណូលពន្ធចូលរដ្ឋបានច្រើនដូចច្រកទ្វារអន្តរជាតិដទៃទៀតក៏ដោយ ប៉ុន្តែត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញឆ្លងកាត់ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទផងដែរ។
ជាងនេះទៅទៀតលោក នួន ច័ន្ទរិទ្ធ ក៏បានជំរុញឲ្យលោកប្រធានសាខាគយ និងរដ្ឋាករតែងតាំងថ្មី ត្រូវសហការជាមួយអាជ្ញាធរខេត្ត, ជាមួយស្ថាប័នតុលាការ និងកងកម្លាំងប្រដាប់អាដាប់អាវុធ ដើម្បីសម្រេចការងារជោគជ័យ ក្នុងការប្រមូលពន្ធចូលរដ្ឋ ហើយចូលរួមទាំអស់គ្នាជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងបង្ការការរីករាលដាលជំងឺកូវីដ-១៩ផងដែរ។
សូមបញ្ជាក់ថា លោក ជួប ចំរើន ប្រធានសាខាគយ និងរដ្ឋាករខេត្តរតនគិរីចាស់ ត្រូវបានផ្លាស់ទៅធ្វើប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំងវិញ៕