(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចគោលការណ៍ថ្មី ដោយសម្រេចបន្ថយចំនួនប្រាក់តម្កល់សម្រាប់ជនបរទេសដែលចូលមកកម្ពុជា ដែលធ្លាប់តែអនុវត្តន៍ចំនួន៣ពាន់ដុល្លារក្នុងម្នាក់ ត្រូវបានសម្រួលថ្មីត្រឹមតែ២ពាន់ដុល្លារក្នុងម្នាក់វិញ។
លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ក្រៅពីបន្ថយចំនួនប្រាក់តម្កល់នេះ ក៏មានការសម្រួលនូវលក្ខខណ្ឌមួយចំនួនទៀតផងដែរ ក្នុងបំណងបង្កលក្ខណៈកាន់តែងាយស្រួលជាងមុន។
លោកស្រីបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះថា «ចំពោះពាក់ព័ន្ធនឹងការតម្កល់ថវិកាវិញ សម្រាប់ជនបរទេស គឺបានកែប្រែដោយតម្កល់ត្រឹមតែ២ពាន់ដុល្លារប៉ុណ្ណោះ ហើយរាលអ្នកដែលជា វិនិយោគិន-ធុរជន, បុគ្គលិកក្រុមហ៊ុន ដែលបានចុះបញ្ជីនៅកម្ពុជា អាចកក់សណ្ឋាគារពីប្រទេសគាត់ផ្ទាល់តែម្ដង ដែលយើងបានរៀបចំប្រព័ន្ធនេះរួចជាស្រេចហើយ។ ជាងនេះទៅទៀត សម្រួលទីតាំងធ្វើតេស្ដពិសេសថែមជូនទៀតផង ដើម្បីឱ្យមានភាពឆាប់រហ័ស»។
បើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ មានអ្នកដំណើរពីក្រៅប្រទេសចំនួនជាង៣ម៉ឺននាក់ហើយ ដែលបានត្រឡប់ចូលមកកម្ពុជា គិតចាប់ពីអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសកម្ពុជាធម្មតាវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
លោកស្រីរដ្ឋលេខាធិការ «គិតចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០៣ ខែសីហាម្សិលមិញនេះ អ្នកដំណើរមកពីក្រៅប្រទេស ចំនួនជាង៣ម៉ឺននាក់ ហើយវិជ្ជមានកូវីដ១៩ ចំនួន១១៧នាក់»។
លើសពីនោះ ដើម្បីសុវត្ថិភាព គឺរាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវតែបង្ហាញបណ្ណសុខភាពថាគ្មានកូវីដ១៩ លើកលែងតែពលរដ្ឋកម្ពុជា ហើយត្រូវតែធ្វើតេស្ដទាំងអស់គ្នាបន្ថែមទៀត ដើម្បីប្រាកដប្រជា។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ បានថ្លែងបញ្ជាក់ទៀតថា មន្ដ្រីសុខាភិបាល និងមន្ដ្រីអាធរពាក់ព័ន្ធ នឹងបន្ដខិតខំប្រឹង ប្រែងបន្ថែមទៀត ក្នុងការការពារ ទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺកូវីដ១៩នេះ ចូលទៅក្នុងសហគមន៍។ ទន្ទឹមនឹងនោះ ក៏ត្រូវការមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ពិសេស អ្នកកំពុងស្ថិតនៅចត្ដាឡីស័កតែម្ដង ដើម្បីជាសុវត្ថិភាពដល់ក្រុមគ្រួសាររបស់ខ្លួន និងពលរដ្ឋរបស់យើង។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប ២៤១នាក់ (ស្ត្រី៤៦នាក់ និងបុរស ១៩៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២០០នាក់ (ស្រី៤៣នាក់ និងបុរស១៥៧នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៣៩នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ចំនួន០២នាក់៕