(បន្ទាយមានជ័យ)៖ បញ្ហាប្រឈមរបស់ពលរដ្ឋ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានបានដោះស្រាយចំពោះមុខ ជូនបងប្អូនពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ក្រុង អាណត្តិទី៣ និងព័ត៌មានថវិការដ្ឋបាលក្រុងឆ្នាំ២០២០ ដើម្បីប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយពលរដ្ឋនៅក្នុងសង្កាត់កំពង់ស្វាយ ដើម្បីស្តាប់ការលើកឡើងពីបញ្ហាប្រឈម និងដោះស្រាយបានទាន់ពេលវេលា។
វេទិកាផ្សព្វផ្សាយនេះ ធ្វើឡើងនៅសាលាបឋមសិក្សា ហ៊ុនសែន សូភី ស្ថិតនៅភូមិតារាងបាល សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានថ្លែងការអរគុណចំពោះបងប្អូនពលរដ្ឋ ដែលមានចូលរួមនៅក្នុងវេទិកានេះ ដើម្បីធ្វើការលើកឡើងពីបញ្ហាប្រឈម ដែលបងប្អូនបានជួបប្រទះ ក្នុងការដោះស្រាយបានទាន់ពេលវេលា ដើម្បីជាចំណែកចូលរួមកែលម្អរាល់ចំនុចខ្វះខាតដែលកើតមាន និងបានស្តាប់ដោយផ្ទាល់ ពីការលើកឡើងបញ្ហាប្រឈម ដែលកើតមាននៅមូលដ្ឋាន ជជែកពិភាក្សាដោះស្រាយនៅចំពោះមុខ ពិសេសទទួលយករាល់ការផ្តល់យោបល់ ដើម្បីស្ថាបនា។
បន្ទាប់ពីចប់កិច្ចប្រជុំវេទិកាផ្សព្វផ្សាយរួចមក លោក ហ៊ឹល រ៉ាយ៉ា និងលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង រួមនិងក្រុមការងារខេត្ត បានចុះដោះស្រាយដោយផ្ទាល់ ពីផលប៉ះពាល់គម្រោងស្ថាបនាផ្លូវបេតុងនៅក្រោយផ្សារចំការគ (ផ្សារថ្មី) ក្រោយមានការសម្របសម្រួល ដោយផ្អែកលើកគោលនយោបាយឈ្នះឈ្នះ ប្រជាពលរដ្ឋបានឯកភាព និងបានសាទរចំពោះការទទួលបានផ្លូវបេតុង រួចផុតពីផលលំបាកដែលពួកគាត់ បានជួបប្រទះជាច្រើនឆ្នាំ ពិសេសពេលរដូវភ្លៀង។
សូមបញ្ជាក់ថា គម្រោងជួសជុលផ្លូចាក់បេតុងផ្លូវលេខ៥ និងផ្លូវកាត់លេខ៤ និងលេខ៥ សរុប៧ខ្សែ ដែលមានប្រវែងសរុប១៩៤៣ម៉ែត្រ កម្រាស១៥សង់ទីម៉ែត្រ និងទទឹង៦ម៉ែត្រ ដែលជាគម្រោងចំណាយថវិការបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលកំពុងតែដំណើរស្ថាបនា ព្រមជាមួយនឹងការរៀបចំ ឲ្យមានជាប្រ័ន្ធលូរំដោះទឹកផងដែរ៕