(ព្រះសីហនុ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចង្អុលបង្ហាញការងារសំខាន់ៗ និងជាការងារអាទិភាពមួយចំនួន ដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ ឱ្យបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីឱ្យការងារមានប្រសិទ្ធិភាពខ្ពស់ និងលទ្ធផលកាន់តែល្អប្រសើ។
ការចង្អុលបង្ហាញនេះ បានធ្វើឡើងក្នុងពេលលោករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន និងបានចង្អុលបង្ហាញការងារសំខាន់ៗ និងជាការងារអាទិភាព ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្តត្រូវយកចិត្តទុកដាក់ និងខិតខំបដិបត្តិឱ្យបានខ្ជាប់ខ្ជួន។ គោលការណ៍សំខាន់ៗទាំងនោះរួមមាន៖
ទី១៖ មន្ត្រីទាំងអស់ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឲ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង និងត្រូវសហការជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអំពី ការកាត់មន្រ្តីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់។
ទី២៖ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាក.ប.ប.ខេត្តទាំងអស់ ត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និង តម្លៃ តាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង និងតាមដានការប្រកបអាជីវកម្ម ដែលគ្មានការអនុញ្ញាត ត្រឹមត្រូវ ហើយត្រូវរៀបចំបែងចែកការងារ និងប្រគល់ភារកិច្ចឲ្យទទួលខុសត្រូវដល់ ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ និងមន្ត្រីក្រោមឱវាទឲ្យសមស្របតាមសមត្ថភាពការងារ និងត្រូវរៀបចំផែនការសកម្មភាពការងារ ផ្អែកតាមផែនការយុទ្ធសាស្រ្ដរបស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាផែនការសកម្មភាពរបស់មន្ទីរឲ្យបានច្បាស់លាស់។
ទី៣៖ មន្ត្រីទាំងអស់ត្រូវពង្រឹងរបបការងារ បង្កើនការគោរពវិន័យ និងរៀបចំការប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារជាប្រចាំ ពិសេសត្រូវបង្កើនទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ក៏ដូចជាស្ថាប័នផ្សេងៗទៀតនៅជុំវិញខេត្តផងដែរ ជាពិសេសត្រូវខិតខំក្ដាប់ឲ្យបាននូវបញ្ហាប្រឈមនានាដែលពាក់ព័ន្ធ និងរាយការណ៍ទៅឯកឧត្តមអភិបាលខេត្ត និងក្រសួងដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា។
ទី៤៖ សាខា ក.ប.ប. ខេត្ត ត្រូវធ្វើការត្រួតពិនិត្យតាមដានការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ២១ អនក្រ.បក ស្ដីពីកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការគ្រប់គ្រងហានិភ័យ ដែលបានចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ឲ្យមានប្រសិទ្ធភាព។ ជាពិសេសត្រូវខិតខំអនុវត្តតួនាទីឲ្យបានខ្ជប់ខ្ជួន និងមានប្រសិទ្ធភាពខ្ពស់បំផុត ព្រោះច្បាប់ការពារអ្នកប្រើប្រាស់ បានចូលជាធរមានហើយ រីឯឯកសណ្ឋានថ្មី របស់ ក.ប.ប. ក៏ត្រូវបានអនុម័តរួចហើយដែរ៕