(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើឱ្យក្រុមប្រឆាំងជ្រុលនិយមមួយចំនួន កុំជេរប្រមាថសម្តេច និងប្រជាជនរួមទាំងក្រុមហ៊ុន Facebook នៅពេលដែលចំនួន Like ទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានកើនឡើងច្រើនជាងគេ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅលើបណ្តាញសង្គម Facebook ស្របពេលដែលចំនួនអ្នកគាំទ្រទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ដែលទើបបង្កើតជាផ្លូវការបាន៤ខែ កាន់តែប្រគៀកនឹងចំនួនអ្នកគាំទ្រ ទំព័រ Facebook លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មុននោះគេតែងស្តីបន្ទោសគណៈកម្មាការបោះឆ្នោត នៅពេលគេចាញ់ការបោះឆ្នោតម្តងៗ។ លើកនេះប្រសិនគេច្រណែននឹងប្រជាជនចូលចិត្តហើយ Likes ឱ្យ Facebook ខ្ញុំ សង្ឃឹមថា ពួកគេមិនទៅរករឿងក្រុមហ៊ុន Facebook នោះទេ ហើយក៏មិនចោទខ្ញុំថា យកសារ៉ុង ប៊ីចេងទៅទិញទឹកចិត្តប្រជាជន ឬគំរាមប្រជាជនឱ្យចុច Like ឱ្យខ្ញុំនោះដែរ»។
សម្តេចតេជោ បានបន្ថែមថា «សង្ឃឹមថា រៀមច្បងដែលអួតអាង និងតាំងខ្លួនជាស្តេច Facebook នៅកម្ពុជា មេត្តាយោគយល់ព្រោះខ្ញុំ ជាអ្នកចំណូលថ្មី ទើបបានប្រមាណ៤ខែប៉ុណ្ណោះ។ ប្រសិនប្រជាជន Like ឱ្យខ្ញុំច្រើនជាង សូមកុំជេរខ្ញុំ កុំជេរប្រជាជន និងកុំជេរក្រុមហ៊ុន Facebook» ។
រហូតមកដល់ពេលនេះ ចំនួនអ្នកគាំទ្រ (Like) ទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន មានចំនួន មានជាង ១,៩លាននាក់ ខណៈដែលចំនួនអ្នកគាំទ្រ (Like) ទំព័រ Facebook របស់លោក សម រង្ស៊ី មានចំនួនជាង ២,០លាននាក់ ។ ចំនួនអ្នកគាំទ្រសម្តេចតេជោ ហ៊ុន សែន បានកើនឡើងយ៉ាងគំហុក ចាប់តាំងពីប្រកាស់ជាផ្លូវការ កាលពីប៉ុន្មានខែមុន។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ទន្ទឹមនឹងការកើនឡើងនៃចំនួនអ្នកគាំទ្រខ្ញុំជាងមួយម៉ឺននាក់ក្នុងមួយថ្ងៃនៅក្នុង Facebook គឺខ្ញុំកាន់តែមានអារម្មណ៍ថា ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានបង្កើននូវជំនឿទុកចិត្តកាន់តែខ្លាំងមកលើសមត្ថភាពដឹកនាំកសាងប្រទេសរបស់ខ្ញុំដែលបាននាំមកនូវសន្តិភាព និង ការរីកចម្រើនពិតប្រាកដដល់ជាតិ។ តាមរយៈទំនាក់ទំនងរវាងខ្ញុំ និងពលរដ្ឋដោយផ្ទាល់ក្នុង Facebook គឺខ្ញុំមានឱកាសដោះស្រាយផលប្រយោជន៍ជូនជាតិ និងប្រជាជនបានកាន់តែច្រើនឡើងៗ។ សូមអរគុណដែលប្រជាពលរដ្ឋ និងយុវជនប្រើប្រាស់ Facebook ក្នុងការទំនាក់ទំនងមកកាន់ខ្ញុំ»៕