(ភ្នំពេញ)៖ ដោយសម្លឹងឃើញពីផលលំបាក ដែលសហគ្រិននៅកម្ពុជា កំពុងជួបប្រទះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវគោលនយោបាយ ដែលមានវិធានការណ៍សំខាន់ៗដូចជា ការផ្ដល់ហិរញ្ញប្បទាន សម្រាប់អាជីវកម្ម និងយន្ដការណ៍ពិសេសៗជាច្រើន ដែលក្នុងនោះ ក៏មានកម្មវិធី «កញ្ចប់ជំនួយសហគ្រិនខ្មែរ» ឬ «Khmer Enterprise Assistance Package» រៀបចំដោយសហគ្រិនខ្មែរ (Khmer Enterprise) ដែលជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កញ្ចប់ជំនួយសហគ្រិនខ្មែរ ជាកម្មវិធីយុទ្ធសាស្រ្ដដ៏មុតស្រួចមួយ ដែលអាចបន្ធូរបន្ថយបញ្ហាមួយ ចំនួនដែលសហគ្រិនកំពុងប្រឈម ហើយកម្មវិធីនេះត្រូវបានប្រព្រឹត្ត ទៅដោយជោគជ័យមួយលើករួច មកហើយ។
កាលពីវគ្គទី១កន្លងទៅនេះ សហគ្រិនខ្មែរបានទទួលពាក្យសរុប ចំនួន ១២៨ ពីសហគ្រាស ធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីដែលមកពី១៤ រាជធានីខេត្ត មានដូចជា ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ ខេត្តកណ្ដាល ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
កញ្ចប់ជំនួយសហគ្រិនខ្មែរចែកចេញជា ៤ ដំណាក់កាល ដោយដំណាក់កាលទី១ សហគ្រិនខ្មែរ បើកទទួលពាក្យតាមអ៊ិនធើណែត ដោយមានការផ្សព្វផ្សាយតាមរយៈប្រព័ន្ធបណ្ដាញសង្គមរបស់ សហគ្រិនខ្មែរ ស្ថាប័នដៃគូ និងស្ថាប័នសារព័ត៌មាន។ ដំណាក់កាលទី ២ សហគ្រិនខ្មែរ ធ្វើការដាក់ពិន្ទុទៅលើពាក្យស្នើសុំទាំងអស់ និងសម្រឹតសម្រាំងយកតែធុរកិច្ចបង្កើតថ្មី និងសហគ្រាស ធុនតូច និងមធ្យមដែលមានសក្ដានុពល។ ដំណាក់កាលទី ៣ សហគ្រិនខ្មែរអញ្ជើញសហគ្រិន ដែលមានសក្ដានុពលទាំងអស់នោះ មកធ្វើបទបង្ហាញអំពីគំនិត និងអាជីវកម្មនៅចំពោះមុខគណៈកម្មការ ដែលជាអ្នកជំនាញក្នុងវិស័យឯកជន និងវិនិយោគ និងធ្វើការ វាយតម្លៃពីគម្រោង អាជីវកម្ម។ នៅដំណាក់កាលទី ៤ សហគ្រិនខ្មែរ ធ្វើការប្រកាសពី បេក្ខភាពធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលទទូលបានកញ្ចប់ជំនួយសហគ្រិនខ្មែរ ដើម្បីចូលរួមអបអរសាទរក៏ដូចជាជួយផ្សព្វផ្សាយ ពីសហគ្រាស សេវាកម្ម និងផលិតផល របស់ពួកគាត់ផងដែរ។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា «ឆ្លងកាត់លើកទី១ យើងសង្កេតឃើញថាធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ពិតជាមានសមត្ថភាព ភាពច្នៃប្រឌិត និងចំណុចល្អខុសៗគ្នា ដែលគំនិត និងអាជីវកម្មរបស់ពួកគាត់សុទ្ធ តែមានសក្ដានុពល និងគួរតែទទួលបានការយកចិត្តទុកដាក់ ដូចជាការ ផ្ដល់ជាជំនួយផ្នែកហិរញ្ញវត្ថុ ការវិនិយោគ និងការគាំទ្រនានា។ ដូចនេះ សហគ្រិនខ្មែរ សូមប្រកាសអោយ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមផ្សេងៗទៀតដែលមានបំណងចង់ចូលរួម ហើយគិតថាខ្លួនមាន សក្ដានុពលអាចទទួលបានជំនួយពីសហគ្រិនខ្មែរ មកចូលរួមដាក់ពាក្យអោយបានច្រើនក្នុងជុំទី២នេះ ដើម្បីជំរុញកម្មវិធីអោយកាន់តែមានការ ប្រកួតប្រជែង»។
ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមអាចធ្វើការដាក់ពាក្យ មកកាន់កញ្ចប់ជំនួយ សហគ្រិនខ្មែរជុំទី ២ តាមរយៈតំណភ្ជាប់ https://forms.gle/Dn9H8gsmKGT42rza9 ៕