(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ នឹងរៀបចំវេទិកាពិភាក្សាវាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា វេទិការនេះនឹងធ្វើឡើងក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
វេទិកានេះ មានគោលបំណងពិភាក្សា វាយតម្លៃ និងទទួលអនុសាសន៍ពីថ្នាក់ដឹកនាំលើវិស័យព័ត៌មាន រួមជាមួយមតិយោបល់របស់អ្នកសារព័ត៌មាន ក្នុងន័យកែលម្អបំពេញបន្ថែមលើសកម្មភាព នៃការរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាសន្និសីទបច្ចុប្បន្នភាពតបនឹងព្រឹត្តិការណ៍ជាក់ស្ដែង ដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំឡើយកន្លងមក។
ជាការកត់សម្គាល់ តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានរៀបចំធ្វើឡើងយ៉ាងទៀតទាត់កន្លងមក បានបង្កនូវបរិយាកាសយ៉ាងងាយស្រួលដល់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ព្រោះថាសន្និសីទសារព័ត៌មាននេះ បានប្រមូលផ្ដុំនូវព័ត៌មានមួយកន្លែង ក្នុងពេលតែមួយ៕