(ព្រៃវែង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចនាយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ថា អ្នកធ្វើចត្តាឡីស័ក២នាក់ដែលរត់គេចខ្លួននៅព្រៃវែងនោះបានរកឃើញវិញហើយ ហើយក៏បាននាំមកកន្លែងចត្តាឡីស័កវិញរួចហើយដែរ។
មនុស្សទាំង២នាក់នេះ ទី១៖ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២៖ ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។ ពួកគេទាំងពីរនាក់បានរត់ចេញពីកន្លែងធ្វើចត្ដាឡីស័ក ក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុងព្រៃវែង នៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី០៣ ខែសីហានេះ ពេលកំពុងរៀបភ្លៀង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ។
មនុស្សទាំងពីរនាក់ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ បានត្រឡប់មកពីប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានមន្ដ្រីសុខាភិបាល យកសំណាកទៅពិនិត្យចំនួន៣លើកមកហើយ ពោលនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៦ ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត ប៉ុន្ដែស្រាប់តែពួកគេរត់ចេញនៅថ្ងៃនេះតែម្ដង៕