(ភ្នំពេញ)៖ លោក ចន ឃែរី (John Kerry) រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ដែលនឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ គឺជាអតីតទាហានជើងទឹករបស់អាមេរិក ព្រមទាំងបានមកប្រឡូកក្នុងសង្រ្គាម នៅប្រទេសវៀតណាម រយៈពេល ៤ខែផងដែរ នៅចន្លោះឆ្នាំ១៩៦៨-១៩៦៩។
លោក John Kerry បានកើតនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៤៣ នៅទីក្រុងអូរ៉ូរ៉ា រដ្ឋកាឡូរ៉ាដូ សហរដ្ឋអាមេរិក និងបានចូលធ្វើជា ក្រុមប្រឹក្សាសាលារៀន នៅក្នុងរដ្ឋម៉ាសាជូសែត និងញូវហែមសៀរ។ លោកបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យយ៉ែល ក្នុងឆ្នាំ១៩៦៦ ផ្នែកវិទ្យសាស្រ្តនយោបាយ។
លោក John Kerry គឺជារដ្ឋមន្រ្តីក្រសួងការបទេសអាមេរិកលើកទី៦៨ តែងតាំងដោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជំនួសលោកស្រី ហ៊ីល ឡារីគ្លីនតុន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយទទួលបានសំលេងគាំទ្រពីព្រឹទ្ឋសភា ៩៤សំឡេង។
លោក John Kerry បានចុះឈ្មោះចូលធ្វើជាទាហានជើងទឹក នៅឆ្នាំ១៩៦៦ និងបានទៅបម្រើលើនាវាចម្បាំង រយៈពេល ៤ខែ ក្នុងសង្រ្គាមនៅវៀតណាមចន្លោះឆ្នាំ ១៩៦៨-១៩៦៩ ដោយទទួលបន្ទុកលើនាវាតួចៗ ដែលមានល្បឿនលឿន។ នៅក្នុងបេសកកម្ម លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានទទួលមេដាយ ប្រាក់ សំរិទ្ឋ និងមេដាយពណ៌ស្វាយចំនួន៣។ លោក John Kerry ក៏ត្រូវបានគេដឹងផងដែរថា ជាពលរដ្ឋអាមេរិកមួយរូប ដែលបានធ្វើសកម្មភាពប្រឆាំង នយោបាយធ្វើសង្គ្រាម ក្នុងប្រទេសវៀតណាម និងបានហៅការធ្វើសង្គ្រាម ក្នុងប្រទេសវៀតណាមថា ជាបទឧក្រិដ្ឋសង្គ្រាម។
រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ ធ្លាប់បានបម្រើការងារជារដ្ឋអាជ្ញារង ក្នុងស្រុកមួយ ក្រោយពេលចេញពីមហាវិទ្យាល័យច្បាប់ នៅរដ្ឋបូស្តុន។ លោកក៏ធ្លាប់បានធ្វើជាជំនួយការ អភិបាលរដ្ឋម៉ាសាជូសែត លោក ម៉ាយខល ឌូកាគីស ក្នុងឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៥ ។ លោក Kerry បានឈ្នះឆ្នោតក្នុងឆ្នាំ១៩៨៤ ហើយបានក្លាយទៅជាសមាជិកព្រឹទ្ឋសភា។
លោក John Kerry ក៏ធ្លាប់បម្រើការងារជាសមាជិកព្រឹទ្ឋសភាអាមេរិក ក្នុងឋានៈជាប្រធានគណៈកម្មាធិការ ទំនាក់ទំនងការបរទេស ហើយក៏ធ្លាប់ធ្វើជាបេក្ខជន ប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ ដែលចាញ់ឆ្នោត លោក ចច ប៊ូស ចំនួន ៣៥សន្លឹក ក្នុងឆ្នាំ២០០៤។ លោក Kerry ធ្លាប់បានធ្វើជាប្រធានគណៈកម្មាធិការព្រឹទ្ឋសភា ផ្នែកទំនាក់ទំនងកិច្ចការបរទេស ក្នុងឆ្នាំ២០០៩៕