(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំថ្នាក់ដឹកនាំខេត្ត ក្រុមការងារចុះមូលដ្ឋានស្រុកស្វាយចេក ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ អញ្ជើញចូលរួមកាត់ឫសសីមា ព្រះវិហារ ស្ថិតនៅវត្តខ្វាវ ភូមិខ្វាវខាងលិច ឃុំស្វាយចេក ស្រុកស្វាយចេក ក្រោយពីបញ្ចប់ការសាងសង់។
នៅក្នុងឱកាសនោះ លោក កែ គឹមយ៉ា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំការងារ ក៏បានចែកអំណោយជូនដល់ប្រជាពលរដ្ឋ ជាង១ពាន់នាក់ ដែលបានចូលរួមផងដែរ។
នៅចំពោះប្រជាពលរដ្ឋជាង១ពាន់នាក់នេះ លោក កែ គឹមយ៉ាន បានផ្តាំផ្ញើការសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សទាំងអស់ ដែលបានដឹកនាំប្រទេស ឲ្យមានការរីកចំរើនយ៉ាងខ្លាំង និងនាំមកនូវសុខសន្តិភាព រហូតមកដល់ពេលនេះ។
ជាមួយគ្នានេះថ្នាក់នាំជាន់ខ្ពស់ គណបក្សប្រជាជនរូបនេះ ក៏បានសន្យាធ្វើការអភិវឌ្ឍន៍តាមមូលដ្ឋាន នៅខេត្តបន្ទាយមានជ័យ កាន់តែរីកចំរើនខ្លាំងឡើង ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ៕