(ឡាវ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នៅថ្ងៃចន្ទនេះ បានពិភាក្សា និងដោះស្រាយទៅលើបញ្ហាធំមួយជាមួយនឹង ប្រទេសឡាវគឺបញ្ហាគ្រាប់បែក ដែលជាមរតករបស់អាមេរិក បន្សល់ទុកតាំងពីជំនាន់សង្គ្រាមវៀតណាម នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា។
លោក John Kerry បានថ្លែងនៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសឡាវថា ៖ «ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលមានវត្តមាននៅទីនេះ (ឡាវ)។ យើងមកទីនេះដើម្បីធ្វើការងារទៅលើគម្រោងបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលវាបានបន្សល់ទុកនៅក្នុងប្រទេសឡាវតាំងពីសម័យសង្គ្រាមវៀតណាម ហើយយើង នឹងមិនបណ្ដោយឲ្យវាជះផល អាក្រក់ដល់ប្រទេសឡាវយូរទៀតទេ»។
ឡាវ ជាប្រទេសដែលសម្បូរទៅដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលតាំងពីក្រោយសង្គ្រាមវៀតណាមមក មានមនុស្ស ៥០.០០០នាក់បានស្លាប់ ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនេះ។
គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នឹងមកដល់ប្រទេសកម្ពុជានឹងអញ្ជើញមកដល់កម្ពុជានៅល្ងាច ថ្ងៃនេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា ហើយនៅក្នុងដំណើរទស្សនកិច្ចលើកដំបូង របស់រដ្ឋមន្រ្តីការបរទេសអាមេរិក ត្រូវបានក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ធ្វើឡើងដើម្បីជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកម្ពុជា-អាមេរិក៕