(ភ្នំពេញ)៖ ចោរប្លន់ម្នាក់ត្រូវបាន កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយចាប់ខ្លួនតាមដីកាចៅក្រមស៉ើបសួរ។
សមត្ថកិច្ចឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ដា សីហា ហៅខាង សីហា អាយុ២២ឆ្នាំ រស់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនត្រូវចោទរូបនេះ កម្លាំងនគរបាលចាប់ខ្លួនតាមដីការបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ «លួចមានស្ថានទម្ងន់ទោស» (ប្លន់) ប្រព្រឹត្តនៅកន្លែងលាងរថយន្ដ តាមបណ្ដោយផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។
ប្រភពពីសមត្ថកិច្ច បានបន្ថែមថា ជនត្រូវចោទជាមុខសញ្ញាចោរឆក់ និងប្លន់សកម្មបំផុតដែលធ្លាប់ឆក់កាបូប បណ្ដាលឲ្យជនរងគ្រោះស្លាប់ នៅក្នុងទឹកដីខណ្ឌបឹងកេងកងផងដែរ។ បច្ចុប្បន្ន ជនត្រូវចោទ ស្ថិតក្រោមចំណាត់ការរបស់ចៅក្រមស៊ើបសួរ ដើម្បីសាកសួរ និងរងចាំសេចក្ដីសម្រេច៕