(ព្រៃវែង)៖ ក្រុមការងារតាមបណ្តាឃុំ ក្នុងស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ដឹកនាំដោយនាយឧត្តមសេនីយ៍ នេត សាវឿន នាសប្តាហ៍ កន្លងទៅ ក្នុងខែមករា ឆ្នាំ២០១៦នេះ បានបន្តចុះសួរសុខទុក្ខ ក្នុងការប្រកបមុខរបរជីវភាពប្រចាំថ្ងៃ ដោយចុះដល់ខ្នងផ្ទះនាំយកថវិកា មូលនិធិ ស ខេង និងអនុវត្តសកម្មភាពសំខាន់ៗមានដូចខាងក្រោម៖
១-ស្រុកស្វាយអន្ទរ មាន២ឃុំ រួមមានឃុំស្វាយអន្ទរ និងឃុំជ្រៃ បានចែកជូនថវិកាមូលនិធិ សម្តេចក្រឡាហោមចំនួន ៦.២០០.០០០រៀល ដល់ប្រជាពលរដ្ឋចំនួន៤៣គ្រួសារ ក្នុងនោះស្រ្តីឆ្លងទន្លេ ៤២នាក់ និងគ្រួសារសពម្នាក់ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ២០ម៉ឺនរៀល ។
ដោយឡែកក្រុមការងារយុវជនស្រុក បានប្រជុំកំណត់ទិសដៅការងារ ដោយរៀបចំផែនការសកម្មភាព អនុវត្តជាក់ស្តែងនៅមូលដ្ឋាន និងសហការអនុវត្តការងារផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដែលមានសមាសភាព ចូលរួមគ្រប់ឃុំ ចំនួន៧០នាក់ និងបានឧបត្ថម្ភម្នាក់ ១ម៉ឺនរៀល។
២-ស្រុកកញ្ជ្រៀច ក្រុមការងារបានធ្វើវេទិកាសាធារណៈ២លើក ស្មើនឹង២ឃុំ (គោកគង់កើត និងត្នោត) មានប្រជាជនចូលរួម១៦១នាក់ ស្រី១១០នាក់ ប្រជាពលរដ្ឋសំណូមពរ០៨សំណើ អាជ្ញាធរបានពន្យល់ដោះស្រាយរួច។ កម្មវិធីសាសនា គឺបានសម្ពោធសាលាឆាន់ នៅវត្តព្រៃតាព្រំ ១ខ្នង និងបន្តសម្ពោធសាលាធម្មសភា១ខ្នង នឹងឆ្លងសមិទ្ធិផល នានានៅវត្តពោធិទង ឃុំកញ្ជ្រៀច។ ដោយឡែក នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្តល់ថវិកាសង់ដងទង់ វត្តស្វាយរមៀត ចំនួន ១២លានរៀល។ ការងារមនុស្សធម៌តាមរយៈ លោក ស៊ាង ប៊ុនលាង ផ្តល់រថយន្តសង្គ្រោះ១គ្រឿង ដល់មណ្ឌលសុខភាព ស្រុកកញ្ជ្រៀចផងដែរ៕