(ភ្នំពេញ)៖ និសិ្សតប្រមាណ ៥០០នាក់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានសហការជាមួយមជ្ឈ មណ្ឌលជាតិផ្តល់ឈាម រួមជាមួយនឹងក្រុមហ៊ុនទឹកពិសា វីតាល់ ដើម្បីប្រារព្ធពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «តន្រ្តីសប្បុរសធម៌ ក្នុងការបរិច្ចាគឈាម» ។
កម្មវិធីនេះប្រារព្ធឡើង រយៈពេលពីរថ្ងៃ គឺចាប់ពី ថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៦ នៅក្នុងសាលសម្តេច ហ៊ុន សែន នៃសាកលវិទ្យាល័យផ្ទាល់ ក្រោមវត្តមានលោកស្រី ហោ ម៉ាលីន រដ្ឋាលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រមទាំង លោក វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងភ្ញៀវកិត្តយសជាច្រើនអ្នកផ្សេងទៀត។
លោក ហុក គីមចេង បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ ដោយមានការចូលរួមពីយុវជន និស្សិត ប្រជាពលរដ្ឋទូទំាងប្រទេស ធ្វើឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអំណោយឈាមចំនួន ៥៤៧៩៣ប្លោក ក្នុងមជ្ឈមណ្ឌលបានផ្គត់ផ្គង់ដល់អ្នករងគ្រោះចំនួន ៥០៨៨១ប្លោក គឺកើនឡើងជាងឆ្នាំ២០១៤ ចំនួន៥ភាគរយ។
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោក ហុក គីមចេង បានបញ្ជាក់ទៀតថា តម្រូវការឈាមជារៀងរាល់ថ្ងៃ នៅទូទំាងប្រទេសត្រូវការឈាមប្រមាណ ១៥០ប្លោក ដើម្បីជួយសង្គ្រោះអ្នកជំងឺ ក្នុងនោះសម្រាប់នៅមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ ត្រូវការពី ៨០ប្លោក ទៅ១០០ប្លោក។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើការថ្លែងអំណរគុណដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏ដូចជាសាកលវិទ្យាល័យជាតិ និងឯកជនដទៃទៀត ដែលបានធ្វើការបរិច្ចាគឈាម យ៉ាងច្រើនកុះករជូនដល់មជ្ឈមណ្ឌល ក្នុងកំឡុងប៉ុន្មានខែចុងក្រោយនេះ។ លោកវេជ្ជបណ្ឌិត ក៏បានរំលឹកដល់និសិ្សតទាំងឡាយឲ្យពិសាទឹកឲ្យបានច្រើន បន្ទាប់ពីពួកគេបានបរិច្ចាគឈាម រួចលោកថាទឹកវីតាល់ គឺជាទឹកពិសាដែលមានគុណភាពខ្ពស់ ដែលស័ក្កិសមបំផុតការបន្ថែមជាតិទឹកសម្រាប់រាងកាយ ដើម្បីជំនួយដល់ការ ផលិតគ្រាប់ឈាមឡើងវិញរបស់រាងកាយ ។
លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម បានថ្លែងថា នេះជាលើទី៥ហើយ ដែលសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានអនុញ្ញាតឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចុះទៅទទួលយក អំណោយឈាមដោយសប្បុរសពីសិស្សនិស្សិតមកពីគ្រប់ដេប៉ាតាម៉ង់ ។ លោកបន្តថា កាលពីឆ្នាំ២០១០-២០១១ និស្សិតសាកលវិទ្យាល័យភូមិន្ទចំការដូង ចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមចំនួន ១០៦ប្លោក ឆ្នាំ២០១១-២០១២ និស្សិតសាកលវិទ្យាល័យភូមិន្ទចំការដូង ចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចំនួន២០៩ប្លោក ឆ្នាំ២០១២-២០១៣ និស្សិតសាកលវិទ្យាល័យភូមិន្ទចំការដូង ចូលរួមបរិច្ចាគឈាម ជូន មជ្ឈមណ្ឌលជាតិផ្តល់ឈាម ចំនួន១៨៥ប្លោក ឆ្នាំ២០១៣-២០១៤ និស្សិតសាកលវិទ្យាល័យភូមិន្ទចំការដូង ចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចំនួន៣៥៧ប្លោក និងឆ្នាំ២០១៤-២០១៥ និស្សិតសាកលវិទ្យាល័យភូមិន្ទចំការដូង ចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ២៥៧ប្លោក ។
លោក ង៉ោ ប៊ុនថាន ក៏បានសម្តែងនូវការស្វាគន៍យ៉ាងកក់ក្តៅ ចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏ដូចជាក្រុមហ៊ុនទឹកសុទ្ធ វីតាល់ ដែលបានចូលរួមចំណែកក្នុងការរៀបចំកម្មវិធីសប្បុរសនេះឡើង ម្តងទៀតក្នុងបរិវេណ សាកលវិទ្យាល័យកសិកម្មចំការដូង ហើយលោកក៏បានអបអរសាទរដល់ទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លារបស់និស្សិត កសិកម្មទាំងឡាយ ដែលប្អូនៗមានសណ្តានចិត្តសប្បុរសក្នុងការបរិច្ចាគឈាម លោកថាទង្វើរបានបង្ហាញ យ៉ាងច្បាស់ នូវឆន្ទៈសាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ។
លោកសាកលវិទ្យាធិការ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះក្រុមហ៊ុនទឹកពិសាវីតាល់ ដែលតែងតែចូលរួម ឧបត្ថម្ភក្នុងកម្មវិធីមនុស្សធម៌នានា ជាពិសេសកម្មវិធីបរិច្ចាគឈាមនៅសាលាចំការដូង ដែលវីតាល់តែងតែ មានវត្តមានជាច្រើនឆ្នាំរួចមកហើយ ។
លោកស្រី ហោ ម៉ាលីន រដ្ឋាលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានមាន ប្រសាសន៍ថា លោកសូមថ្លែងអំណរគុណដល់ បុគ្គលិក មន្ដ្រី រាជការនិស្សិតទាំងអស់ ដែល បានបរិចាគ ឈាម នាពេលនេះ ។ លោកស្រីបន្ដថា តំរ៉ូវការឈាមគឺជាការចាំបាច់ណាស់សម្រាប់អ្នកជំងឺ ដែលត្រូវការជាចាំបាច់ ហើយឈាមរបស់លោកអ្នកនឹងបានជួយ ដល់ជនរងគ្រោះពិតប្រាកដ ។ លោកស្រីបានបន្ដទៀតថា ការបរិច្ចាគឈាមគឺជាវប្បធម៌ចែក រំលែកដ៏ល្អមួយសម្រាប់យើងរាល់គ្នា។
លោក អ៊ុំ វណ្ណៈ មន្រ្តីទំនាក់ទំនងសាធារណៈក៏ជាតំណាងក្រុមហ៊ុន វីតាល់ បាននិយាយថា ការឧបត្ថម្ភថ្ងៃនេះអាចធ្វើទៅបានដោយមានការ ចូលរួមពីអតិថិជនរបស់វីតាល់ ក៏ដូចជាប្អូនៗទាំងអស់ ដែលបាន គាំទ្រដល់ផលិតផលគុណភាពខ្ពស់របស់ជាតិយើង និងការគាំទ្ររបស់អ្នកទាំងអស់គ្នាបាន ធ្វើឲ្យមូលនិ្នធិ ២៥៛របស់យើងកាន់តែរីកធំ ទើបអាចឲ្យ វីតាល់ មានលទ្ធភាពឧបត្ថម្ភ និងគាំទ្រដល់កម្មវិធីមនុស្សធម៌នានា យ៉ាងសកម្មដូចសព្វថ្ងៃនេះ។
លោក ជុនហៀង ថាវសិទ្ធ នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនវីអិនស៊ីខបភើរេសិន វីតាល់ ក៏ជាអ្នកផ្តួចផ្តើមក្នុងការឧបត្ថម្ភកម្មវិធីនេះបានសម្តែងការ ស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះការចូលរួមរបស់សិស្សនិស្សិត ក៏ដូចជាកងពលទាហាន ប៉ូលីស និងបុគ្គលិកស្ថាប័នរដ្ឋ និងឯកជនាទាំងឡាយក្នុងកម្មវិធីបរិច្ចាគឈាមដោយចិត្តសប្បុរស។ លោកថាក្រុមហ៊ុន វីតាល់ បេ្តជ្ញាថានឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹង ចំពោះកម្មវិធីទាំងនេះ ដើម្បីជាសក្ខីភាពនៃការចូលរួមរបស់អតិថិជនវីតាល់ ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប ៕