(ភ្នំពេញ)៖ សួនសមិទ្ធផលសំខាន់ៗ លើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន ដែលស្ថិតនៅក្នុងចំណោមសួនសមិទ្ធផលចំនួន៤ ដែលកើតចេញពីនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបើកការដ្ឋានសាងសង់ឆាប់ៗនេះ នៅបរិវេណវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ។
បើតាមមន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះថា ពិធីបញ្ចុះបឋមសិលាសាងសង់សួនសមិទ្ធផលសំខាន់ៗ វិស័យរក្សាសន្តិភាព និងសកម្មភាពមីននឹងធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងជាអនុប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ចូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ។
សូមជម្រាបថា សួនសមិទ្ធទាំង៤រួមមានទី១៖ សួនឃឿនការពារជាតិ របស់កងយោធពលខេមរភូមិន្ទ ដែលលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ, ទី២៖ សួនវិស័យរក្សាសន្តិភាព គឺជាសមិទ្ធផលរបស់កងកម្លាំងមួខៀវកម្ពុជា ដែលបំពេញបេសកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅបណ្តាប្រទេសកំពុងរងគ្រោះដោយសារតែភ្លើងសង្គ្រាម និងអង្គភាពកម្ចាត់មីន ស៊ីម៉ាក ដែលបានដោះគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានរាប់លានគ្រាប់ ដើម្បីសង្គ្រោះជីវិតរបស់មនុស្ស, ទី៣៖ សួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះ ឈ្នះ ដើម្បីបង្ហាញពីសមិទ្ធផលអ្នកដែលបានចូលរួមសាងសង់ រហូតកើតចេញសមិទ្ធផលនយោបាយឈ្នះ ឈ្នះ និងទី៤៖ សួនវិស័យសន្តិសុខសង្គម ដើម្បីបង្ហាញពីសមិទ្ធផលនានា ដែលខាងកងរាជអាវុធហត្ថ និងនគរបាល ដែលចូលរួមលះបង់គ្រប់បែបយ៉ាង បម្រើដល់សន្តិសុខសណ្តាប់ របៀបរៀបរយ នៅសង្គមជាតិកម្ពុជា។
សម្រេចឱ្យសាងសង់ សួនសមិទ្ធផលនេះឡើង ក្រុមការងារនឹងពន្លឿនការងារសាងសង់សួនរបស់ខ្លួន ឱ្យបានរួចរាល់ ដើម្បីអបអរសាទរខួបទិវានយោបាយឈ្នះ ឈ្នះ រយៈពេល៤៣ឆ្នាំ ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ ជាពិសេសដើ ម្បីរំលេចពីភាពអស្ចារ្យនយោបាយឈ្នះ ឈ្នះ រហូតមានធ្វើឱ្យប្រទេសកម្ពុជា មានស្ថេរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ ផងដែរ៕