(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យផ្អាកការធ្វើដំណើរតាមផ្លូវទឹក រយៈពេល៥ថ្ងៃសិន ចាប់ពីថ្ងៃ១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដោយសារខេត្តនេះ ប្រឈមនឹងជំនន់ទឹកភ្លៀង រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ ព្រោះរងឥទ្ធិពលព្យុះមួយ ដែលវិវត្តន៍មកពីសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ។

សេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ សម្ពាធទាបសកម្មមួយបានកើតឡើងនៅលើសមុទ្រចិនខាងត្បូង ហើយបានវិវត្តន៍ទៅជាវិសម្ពាធទាប (Tropical Depression)។ វិសម្ពាធទាបនេះ បានបង្កើនឥទ្ធិពល ជាបន្តបន្ទាប់ទៅជាព្យុះទី៣ ឈ្មោះ ស៉ីនឡាគូ (Sinlaku) ហើយបានបោកបក់ មកកាន់តំបន់ភ្នំ និងឆ្នេរសមុទ្រកម្ពុជា បណ្តាលឲ្យមានភ្លៀងធ្លាក់ច្រើន និងខ្យល់បក់បោកខ្លាំង។

ចំពោះស្ថានភាពអាកាសធាតុនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ច្រើន ប្រឈមនឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់។

«ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ រដ្ឋបាលខេត្តសូមអំពាវនាវ ដល់ក្រុមហ៊ុនដឹកជញ្ជូនជលយាន ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមផ្អាកការធ្វើដំណើរ តាមផ្លូវទឹកក្នុងអំឡុងពេលនេះ បើមិនមានការចាំបាច់»

ដោយឡែកចំពោះអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ តាមដានស្ថានភាពទូទៅ ជួយផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍ជួយដោះស្រាយបញ្ហានានា ចំពោះមុខជាក់ស្តែង៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរដ្ឋបាលខេត្តព្រះសីហនុ៖