(បន្ទាយមានជ័យ)៖ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ ភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលកសិករបានធ្វើការដាំដុះដំណាំ តាមរយៈការចែកជូនគ្រាប់ពូជ កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ ដែលជាការឧបត្ថម្ភរបស់លោកផ្ទាល់ ដើម្បីជួយលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋ។
ឱកាសចុះពិនិត្យនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ លោក គឹង វណ្ណៈ បានលើកឡើងថា វិស័យកសិកម្ម គឺអាចបង្កើតនូវចំណូលសេដ្ឋកិច្ចជាតិ និងបង្កើននូវកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដូច្នេះកាលពីពេលថ្មីៗកន្លងទៅ លោកបានធ្វើការចែកគ្រាប់ពូជដំណាំ ជូនដល់កសិករ ក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ដើម្បីជាការផ្សាភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងប្រជាកសិករ។
បន្ថែមលើសនេះ លោកអភិបាលរងខេត្តបន្ទាយមានជ័យ បានណែនាំដល់ប្រជាកសិករទាំងអស់ ដែលមានផ្ទៃដីទំនេរ គួរដាំដុះដំណាំផ្សេងៗ និងការចិញ្ចឹមសត្វតាមបច្ចេកទេសរបស់មន្រ្តីជំនាញ ដើម្បីទទួលបានទិន្នផលល្អ។ ម្យ៉ាងទៀត រដូវនេះជារដូវវស្សា សូមថែរក្សាសុខភាពឲ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ នៅពេលមានភ្លៀង ផ្គរ រន្ទះ និងអនុវត្តនូវវិធានការរបស់ ក្រសួងសុខាភិបាល ក្នុងការពារជំងឺកូវីដ១៩ ជំងឺគ្រុនឈីក គ្រុនឈាម និងគ្រុនចាញ់ ដែលមានសត្វមូសជាប្រភពចម្លង។
លោក គឹង វណ្ណៈ បានផ្តាំផ្ញើរដល់កសិករសូមមេត្តាកុំទាន់ឆ្លងដែនទៅប្រទេសថៃ ព្រោះប្រទេសគេមិនទាន់អនុញ្ញាតឲ្យពលរដ្ឋខ្មែរឆ្លងដែននោះទេ ដោយប្រទេសរបស់គេកំពុងនាំគ្នាទប់ស្កាត់នូវជំងឺកូវីដ១៩៕