(កំពង់ចាម)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយក នៃសមាគមបេសកកម្មដំណឹងល្អ សហការជាមួយក្រុមហ៊ុន ប៊ីម៉ារៀលអ៉ីស្ទេត (Bema Real Estate co.Ltd) បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅប្រកបទៅដោយអនាម័យ (ហូបស្អាត ផឹកស្អាត រស់នៅស្អាត) ដើម្បីចៀសផុតពីជំងឺកូវីដ១៩។
ការថ្លែងអំពាវនាវរបស់លោក ខាន់ ខុន ធ្វើឡើងក្នុងពិធីប្រគល់អណ្តូងស្នប់ដល់ប្រជាពលរដ្ឋនៅភូមិចុងអូ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ភូមិអណ្ដូងរាក់ និងភូមិជាំជ្រៃ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។
ទីប្រឹក្សាក្រសួងធម្មការរូបនេះ បានបន្តទៀតថា ជាការចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងការសម្រេចឲ្យបានជោគជ័យនៅតំបន់ដាច់ឆ្ងាយពីវិស័យទឹកស្អាត និងអនាម័យសកល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងនោះលទ្ធផល នៃវឌ្ឍនភាពជាវិជ្ជមាននៃអនាម័យ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែងផ្ទាល់របស់រាជរដ្ឋាភិបាល គួបផ្សំនឹងការចូលរួមសហការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលជាមួយ ដៃគូអភិវឌ្ឍ ក៏ដូចជាផ្នែកពាក់ព័ន្ធផ្សេងៗ រួមទាំងវិស័យឯកជនផងដែរ។
ចុងក្រោយ លោកបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋថែរក្សា និងការពារ ដើម្បីឲ្យសមិទ្ធផលរបស់យើងថិតថេរ និងគង់វង្ស ហើយត្រូវមានអនាម័យមុនហូបចំណីអាហារ បរិភោគទឹកស្អាត និងបន្ទោសបង់ក្នុងបង្គន់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងកូវីដ១៩ថ្មីនេះ ត្រូវបង្កើនអនាម័យសុខភាពរស់នៅឲ្យបានល្អ គឺត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឲ្យបានស្អាតជាប្រចាំជាមួយសាប៊ូ និងទឹកអាល់កុលជាដើម។
លោកក៏បានលើកឡើង អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសសុខភាព ព្រោះថាបើសិនសុខភាពមិនល្អធ្វើឲ្យប្រជាពលរដ្ឋខាតពេលប្រកបការងារ និងធ្វើឲ្យជីវភាពមានការលំបាក។ គួរបញ្ជាក់ថា អណ្តូងដែលបានប្រគល់ជូនខេត្តត្បូងឃ្មុំ ២ និងខេត្តកំពង់ចាម ២៕