(កំពង់ចាម)៖ នៅក្នុងពិធីដាំដើមឈើ ប្រភេទដើមក្ងោក ប្រមាណជា៥០០ដើម នៅជុំវិញប្រាសាទនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបំផុសឲ្យប្រជាពលរដ្ឋ ស្រឡាញ់ និងដាំដើមឈើ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
លោកអភិបាលខេត្ត បានថ្លែងថា រមណីយដ្ឋានប្រាសាទនគរបាជ័យ ដែលជារមណីយដ្ឋានមួយជាប់នឹងក្រុងកំពង់ចាមនេះ នឹងត្រូវអភិវឌ្ឍន៍ជាបន្តបន្ទាប់ រៀបចំកែប្រែឲ្យមានសោភ័ណភាព កាន់តែស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តទស្សនានៅទីនេះឲ្យបានច្រើន។
លោកបន្តថា ដើមឈើដែលត្រូវដាក់ដាំនៅជុំវិញប្រាសាទនគរបាជ័យ អមសងខាងផ្លូវបេតុងទើបសាងសង់រួចប្រវែងជិត ២ពាន់ម៉ែត្រ គឺជាប្រភេទដើមក្ងោក ប្រភេទឈើលំអរ ដែលមានផ្កាពណ៌លឿង ត្រូវបាននាំចូលពីបរទេស តាមរយៈរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងប្រភេទឈើប្រណីតផ្សេងៗទៀតដែលត្រូវដាក់ដាំនៅក្នុងបរិវេណប្រាសាទនគរបាជ័យផងដែរ ដើម្បីកែប្រែតំបន់នេះឲ្យក្លាយទៅជា តំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ និងប្រវត្តិសាស្រ្ត ។ ជាមួយគ្នានោះដែរ លោកអភិបាលខេត្តបានរំពឹងទុកថា រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ បន្ទាប់ពីបានអភិវឌ្ឍន៍ ប្រាកដជាអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្ត និងទស្សនាច្រើនកុះករមិនខានឡើយ។
ក្នុងនោះដែលលោកអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន សូមជួយថែរក្សាសមិទ្ធផលនេះ ឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងអត្ថប្រយោជន៍ក្នុងការទប់ស្កាត់ ការប្រែប្រួលអាកាសធាតុផងដែរ៕