(កណ្ដាល)៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន ៩០គ្រួសារ ស្ថិតក្នុងស្រុកពញាឮ ទទួលបានអំណោយមនុស្សធម៌ពីសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់ពួកគាត់ដោយទឹកមុខញញឹមញញេម។

ស្ថិតក្នុងឱកាសនេះលោក គង់ សោភ័ណ្ឌ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះទាំងអស់ដោយក្តីនឹករឭក។

លោកបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ទាំងអស់មិនត្រូវមានការធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ឡើយ បើទោះបីជានៅប្រទេសកម្ពុជា មានស្ថានភាពល្អប្រសើរក៏ដោយក្ដី តែនៅទូទាំងពិភពលោកមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះត្រូវតែ អនុវត្តឲ្យបានជាប្រចាំនូវ ការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលបានទទួលអំណោយទាំង៩០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអីវ ១យួរ ,ខ្ទឹមស ១កញ្ចប់ ,ទឹកអាល់កុល ១ដប ,ម៉ាស់ ១០បន្ទះ អាយឺត៥ និងថវិកា ០៧ម៉ឺនរៀល។

បន្ទាប់មកលោកអភិបាលខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះស្ថិតនៅភូមិចេតីយថ្មី ឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្តាល ចំនួន១គ្រួសារ ដែលត្រូវបានឆេះកាលពីយប់ថ្ងៃទី២៦ ខែកក្កដាផងដែរ។

អំណោយដែលបានសាខាបាននាំយកជូនគ្រួសាររងគ្រោះរួមមាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអីវ ១យួរ ,ខ្ទឹមស ១កញ្ចប់ ,ទឹកអាល់កុល ១ដប ,ម៉ាស់ ១០បន្ទះ អាវយឺត៥ កៅស៊ូតង់ ១ផ្ទាំង សម្ភារៈផ្ទះបាយ ១ឈុត និងថវិកា ១លានរៀល និងអ្នករងផលប៉ះពាល់សងខាងចំនួន ២គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា១០ម៉ឺនរៀល៕