(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម Facebook នៅថ្ងៃអាទិត្យទី០២ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ ឲ្យសោះ ខណៈដែលករណីជំងឺនេះត្រូវបានរកឃើញជាបន្តបន្ទាប់នៅកម្ពុជា តាមរយៈប្រជាពលរដ្ឋ និងជនបរទេសដែលចូលមកកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បានអំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ១៩។ តាមការសង្កេតមើលពេលនេះ គឺឃើញថាចំនួនអ្នកពាក់ម៉ាសកាន់តែតិចទៅៗ ហើយមានការធ្វេសប្រហែសទៀតផង។
សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល (gel sanitizer) សម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសឲ្យបានជាប្រចាំបើចាំបាច់។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពទាំងអស់គ្នា។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ សរុបចំនួន ២៤០នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយចំនួន១៩៦នាក់ ដែលស្មើនឹង ៨១,៦៧% នៃអ្នកជំងឺកូវីដ១៩ សរុប និង៤២នាក់ទៀតកំពុងសម្រាកព្យាបាល។
ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧,៩៩១,៥០១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៨៧,៧១៨នាក់ និងជាសះស្បើយឡើងវិញ ១១,៣១០,៣០៥នាក់។ នេះបើគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០នេះ ៕