(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជា រងឥទ្ធិពលព្យុះស៉ីនឡាគូមកពីសមុទ្រចិនខាងត្បូង ដែលវិវត្តទៅជាវិសម្ពាធទាប នាំឲ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅតំបន់មួយចំនួន។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្រសួងធនធានទឹក បានបញ្ជាក់អំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា ដូចខាងក្រោម៖
* ទី១៖ បណ្តាខេត្តនៅតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់ច្រើនកើនឡើងជាបន្តបន្ទាប់ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood)
* ទី២៖ តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ
* ទី៣៖ តំបន់ផ្សេងៗទៀត អាចនឹងមានភ្លៀងធ្លាក់ ពីតិចទៅមធ្យម។
បន្ថែមពីនេះ ក្រសួងធនធានទឹក បានណែនាំឲ្យប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់៕