(ប៊ែឡាំង)៖ ក្រុមហ៊ុនផលិតសម្ភារៈកីឡាខ្នាតយក្ស របស់អាល្លឺម៉ង់ Adidas បានសម្រេចលុបចោលកិច្ចសន្យា ដែលនៅ សល់រយៈពេល៤ឆ្នាំ ក្នុងការឧបត្ថម្ភសហព័ន្ធ កីឡាអត្តពលកម្មពិភពលោក (រត់ប្រណាំង) ដែលហៅកាត់ថា IAAF ដោយសារតែសហព័ន្ធមួយនេះ បង្កប់ទៅដោយរឿងអាស្រូវ ពុករលួយខ្លាំងពេក ដែលត្រូវបានរកដោយភ្នាក់ងារស៊ើប អង្កេតសារធាតុញៀនក្នុងកីឡា WADA។
ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយក្រុមហ៊ុន Adidas និងដកស្រង់ដោយសារព័ត៌មាន BBC បានបញ្ជាក់ថា «IAAF នឹងខាតបង់ទឹកប្រាក់ប្រមាណជិត ១០ដុល្លារអាម៉េរិកក្នុង១ឆ្នាំ ក្នុងនាម Adidas ជាដៃគូឧបត្ថម្ភធំដែលទើបតែបានបន្ត កិច្ចសន្យាថ្មីកាលពីឆ្នាំ២០០៨ និងផុតកំណត់រហូតដល់ឆ្នាំ២០១៩ ដែលមានទំហំទឹកប្រាក់ ៣៣លានដុល្លារ»។
សូមបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការរវាង Adidas និង IAAF ឈានដល់ផ្លូវបំបែក ដែលអាចធ្វើឲ្យសហព័ន្ធមួយនេះ ជួបវិបត្តិហិរញ្ញវត្ថុផងដែរ គ្រាដែលដៃគូឧបត្ថម្ភធំ ប្រកាសដកខ្លួនបែបនេះ ក្រោយពេលដែលប្រធានថ្មីលោក Lord Coe ដែលទើបចូលកាន់តំណែងកាលពីខែសីហា ឆ្នាំ២០១៥ មិនអាចដោះស្រាយបាននោះ។
សម្រាប់ភស្តុតាងដែលត្រូវបានរកឃើញដោយភ្នាក់ងារ WADA បានបញ្ជាក់ថា «ម្ចាស់ជ័យភាភីឈ្នះមេដាយកាលពី ប្រកួតជើងឯកឆ្នាំ២០០៧ គឺមានការជាប់ពាក់ព័ន្ធទៅនឹងការ ប្រើសារធាតុញៀនប៉ូវកម្លាំង ជាពិសេសអត្តពលិក របស់ប្រទេសរុស្ស៊ី ហើយភ្នាក់ងារនេះដដែល ក៏បានរកឃើញពីភាពមិនប្រក្រតី ក្នុងការបោះឆ្នោត ដែលអង់គ្លេសបានឈ្នះឆ្នោត ធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ នៅឆ្នាំ២០១៧ខាងមុខផងដែរ»។
តឹកតាងទាំងនេះ បានសម្រេចបញ្ចប់កិច្ចសន្យាត្រឹមតែបណ្ណេះ ចៀសវាង Brand របស់ Adidas ជួបហានិភ័យ ប្រសិនបើនៅបន្តជាមួយ IAAF ហើយក៏កំពុងពិចារណាផងដែរ ក្នុងការលុបកិច្ចសន្យាជាមួយនឹង សហព័ន្ធបាល់ទាត់ពិភពលោក FIFA មានរហូតដល់ទៅឆ្នាំ២០៣០ ក្រោយពីចេញសេចក្តីប្រកាស គំរាម២ដងរួចមកហើយ ជុំវិញបត្តិអំពើពុក រលួយនេះដូចគ្នា ដោយរហូតមកទល់នឹងពេលនេះ មិនទាន់ ត្រូវបានដោះស្រាយនៅឡើយ៕