(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ទកាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួលមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកា របស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ទៅប្រគល់ជូនក្រុមគ្រួសារអាវុធហត្ថ ដែលទើបទទួលមរណភាពនាពេលថ្មីៗនេះ ដោយរោគាពាធ។
លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ដែលជានិច្ចកាលនាយឧត្តមសេនីយ៍ តែងតែយកចិត្តទុក្ខដាក់ គិតគូរ អំពីសុខទុក្ខរបស់បងប្អូនកងរាជអាវុធហត្ថទាំងអស់ និងបានចាត់តាំងក្រុមការងារ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថនេះ មកប្រគល់ជូនសមាជិកក្រុមគ្រួសារសពដល់លំនៅដ្ឋាន។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឲ្យដឹងដែរថា ដោយជ្រកក្រោមទិសស្លោក (ជួយគិត ជួយធ្វើ និងរួមទទួលខុសត្រូវ) ដ៏មានអត្ថន័យរបស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលនាយឧត្តមសេនីយ៍ តែងតែក្រើនរំលឹកដល់មេបញ្ជាការ គ្រប់អង្គភាពទាំងអស់ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវមានស្មារតី មនុស្សធម៌ គុណធម៌ ចូលរួម ថែរក្សា និងយកចិត្តទុក្ខដាក់ ទៅលើបងប្អូនកងរាជអាវុធហត្ថទាំងអស់ដែលនៅក្រោមឪវាត ជាពិសេសគឺនៅពេលដែលពួកគាត់ កំពុងជួបនូវទុក្ខលំបាក។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបន្តឲ្យដឹងទៀតថា ដោយមើលឃើញពីទុក្ខលំបាក របស់បងប្អូនកងរាជអាវុធហត្ថ ដែលកំពុងជួបប្រទះភ្លាមៗនោះ នាយឧត្តមសេនីយ៍ ក៏បានចាត់តាំងក្រុមការងារ នាំយកថវិកា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង៣០លានរៀល ដែលជាការចូលរួមបរិចាករបស់លោកនាយឧត្តមសេនិយ៍ និងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ដើម្បីយកទៅដោះស្រាវនូវទុក្ខលំបាក ដែលសមាជិកបងប្អូនកងរាជអាវុធហត្ថកំពុងជួបប្រទះផងដែរ៕