(កណ្តាល)៖ ទីតាំងហាងបញ្ចាំខុសច្បាប់មួយកន្លែងត្រូវសមត្ថកិច្ចជំនាញខេត្តកណ្តាលចុះបិទ និងឃាត់ខ្លួនម្ចាស់ទីតាំងអនុវត្តន៍តាមច្បាប់ ខណៈមន្ត្រីជំនាញរកឃើញម៉ូតូ ២៤គ្រឿង មិនប្រក្រតី ស្ថិតនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។
ប្រតិបត្តិការចុះបង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់ខាងលើនេះ ដឹកនាំលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់កងកម្លាំងចម្រុះ កងអន្តរាគមន៍ខេត្ត ដោយមានការសម្របសម្រួលពីសំណាក់លោក សេង រិទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល។
ម្ចាស់ទីតាំងហាងបញ្ចាំខាងលើមានឈ្មោះ គឹម ឡេងសល់ ភេទប្រុស មុខរបរទទួលបញ្ចាំម៉ូតូ និងប្រពន្ធឈ្មោះ វ៉ា ថារី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិ ស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារព័តមាន Fresh News ប្រចាំខេត្តកណ្តាល បានឱ្យដឹងថា ឈ្មោះ គឹម ឡេងសល់ គឺជាមេអាប៉ោងធំប្រចាំនៅឃុំវិហារសួគ៌ទៀតផង និងបានលួចបើកទទួលបញ្ចាំម៉ូតូយូរណាស់មកហើយ ដោយមិនមានអាជ្ញាធរឃុំ ស្រុក ណាចុះបង្ក្រាបនោះទេ។
បើតាមសមត្ថកិច្ច បានបញ្ជាក់ថា ម៉ូតូមួយចំនួន ដែលម្ចាស់ទីតាំងទទួលបញ្ចាំនេះ គឺជាម៉ូតូដែលជនទុច្ចរឹត កាច់ក និងលួចគេយកមកបញ្ចាំ ព្រោះថាគ្រាប់សោរម៉ូតូ មានសភាពបែកខ្ទេច និងមានសភាពមិនប្រក្រតីជាច្រើនផងដែរ។
ក្នុងប្រតិបត្តិពិនិត្យនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូខុសច្បាប់ របស់ឈ្មោះ គឹម ឡេងសល់ និងម៉ូតូចំនួន២៤គ្រឿង៖ ម៉ាកហុងដា ១៩គ្រឿង, ម៉ាកវីវ៉ា ០២គ្រឿង, ម៉ាកស្កុបពី ០១គ្រឿង, ម៉ាកសង់ការ៉េ ០១គ្រឿង និងម៉ាកហុងដាវេវ ០១គ្រឿង។
គួរជម្រាបថា ចំពោះម្ចាស់ទីតាំង និងម៉ូតូទាំង២៤គ្រឿង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី៕