(ភ្នំពេញ)៖ មូលនិធិខ្មែរចំណាកស្រុក មានលោក សុខ សុក្រឹត្យា ជាប្រធានក្រុមប្រឹក្សាភិបាល បានបង្ហាញការគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា លើលោក រ៉ុង ឈុន ដែលបានធ្វើទង្វើទុច្ចរិតញុះញង់បង្កើតជាបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម។
ក្នុងញត្តិគាំទ្រធ្វើឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ គូសបញ្ជាក់ដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃមូលនិធិខ្មែរចំណាកស្រកសម្ដេចតេជោ សែន ដែលមាន ទីស្នាក់ការនៅទីក្រុងបាងកក ប្រទេសថៃ សូមសម្ដែងការគាំទ្រយ៉ាងក្លៀវក្លាចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារបូរណភាព ទឹកដីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសចំណាត់ការប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយឈ្នះឈ្នះលើបញ្ហាព្រំដែនជាមួយ ប្រទេសជិតខាង»។
ក្នុងញត្តិនេះ បានបង្ហាញជំនឿយ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា និងសូមចាត់ទុកចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការចាប់ខ្លួនបុគ្គល រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុម ប្រឹក្សាឃ្លាំកម្ពុជា ជាចំណាត់ការដ៏ត្រឹមត្រូវបំផុតក្នុងការរក្សាសន្តិភាពសម្រាប់ប្រទេសជាតិ ។
មូលនិធិខ្មែរចំណាកស្រុក បានចាត់ទុកសេចក្ដីថ្លែងការណ៍ដែលបុគ្គល រ៉ុង ឈុន បានចេញផ្សាយជាសាធារណៈកន្លងមកនេះបានប្រឌិតរឿង និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយដោយចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ និងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកិច្ចការងារព្រំដែន របស់រាជរដ្ឋាភិបាលជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានចេតនាបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់ វិស័យជូនជាតិមាតុភូមិ។
មូលនិធិខ្មែរចំណាកស្រុក ក៏បានបង្ហាញជំហរគាំទ្ររាជរដ្ឋាភិបាល និងសូមអំពាវនាវដល់សាធារណមតិជាតិ អន្តរជាតិ មេត្តាកុំជឿលើការផ្សាយព័ត៌មានបំផ្លើសដែលមានលក្ខណៈញុះញ៉ង់របស់បុគ្គល រ៉ុង ឈុន បណ្ដាញសារព័ត៌មាននានា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលគ្មានគោលបំណងអ្វីក្រៅពីការបំភ័ន្ត បំភិតបំភ័យ មួលបង្កាច់ និងបំពុលសាធារណជន បង្កឱ្យមានភាពចលាចល អស្ថិរភាព និង រាំងស្ទះដល់ការអភិវឌ្ឍរបស់កម្ពុជានោះឡើយ។
មូលនិធិខ្មែរចំណាកស្រុក ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បន្តអនុវត្តច្បាប់ជាធរមានស្របតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ឱ្យយមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។
មុនពេលមានការឃាត់ខ្លួននេះ លោក រ៉ុង ឈុន បានចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្តីថ្លែងការណ៍ ញុះញង់ថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាមបានចូលមកដីកម្ពុជាក្រោមប្រហែល៥០០ម៉ែត្រ។
ភ្លាមៗបន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោល នូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចាត់ទុកថាការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល។
លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់លោក រ៉ុង ឈុន ពីបទ «ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការបានបញ្ជាក់ថា ក្រោយពីបានទទួលសំណុំរឿងពីសមត្ថកិច្ចនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង សេង ហៀង បានសាកសួរតាមនីតិវិធី និងបានសម្រេចចោទប្រកាន់ ឈ្មោះ រ៉ុង ឈុន ពីបទ ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធី៕