(ភ្នំពេញ)៖ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់លោក រ៉ុង ឈុន ពីបទញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការ តាមនីតិវិធី។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្រោយពីបានទទួលសំណុំរឿងពីសមត្ថកិច្ចនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង សេង ហៀង បានសាកសួរតាមនីតិវិធី និងបានសម្រេចចោទប្រកាន់ ឈ្មោះ រ៉ុង ឈុន ពីបទ ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធី ។បើចៅក្រមស៊ើបសួរសម្រេចយ៉ាងណា នឹងជូនព័ត៌មានបន្តទៀត»។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសាកសួរ។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។
មុនពេលមានការឃាត់ខ្លួននេះ លោក រ៉ុង ឈុន បានចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្តីថ្លែងការណ៍ ញុះញង់ថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាមបានចូលមកដីកម្ពុជាក្រោមប្រហែល៥០០ម៉ែត្រ។
ភ្លាមៗបន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោល នូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចាត់ទុកថាការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល៕