(ពោធិ៍សាត់)៖ លោក ស្មាន ទៀត រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានប្រគល់គោគួរពានចំនួន ៦០ក្បាលដល់បងប្អូនប្រជាសហគមន៍ចំនួន៣២ភូមិ ក្នុងចំណោម២ស្រុក គឺស្រុកក្រគរ និងស្រុកកណ្តៀង ដែលអំណោយនេះជាជំនួយមនុស្សធម៏របស់មូលនិធិ Diyanet នៃប្រទេសតួរគី។
ថ្លែងនៅក្នុងពិធីចែកសាច់គោគួរពានដល់សហគមន៍ខ្មែរមូស្លីមនារសៀលថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ ពោលគឺរយៈពេល ២ថ្ងៃជាប់គ្នានេះ ក៏មានការចូលរួមពីលោកអភិបាលស្រុកក្រគរ លោកស្រីអភិបាលរង និងលោកប្រធានគណបក្សស្រុកផងដែរ។
ក្នុងនោះលោក ស្មាន ទៀត បានផ្តាំផ្ញើបងប្អូនថា ក្នុងបរិយាកាសនៃទិវាបុណ្យ អ៊ីឌិលអឌ់ហានេះឬ បុណ្យរ៉យ៉ាហាជ្ជី សូមបងប្អូនចេះយោគយល់ និងអធ្យាស្រ័យគ្នាប្រកបដោយ សាមគ្គីភាពខ្ពស់ដើម្បីរក្សាការពារសន្តិភាពរបស់យើង ហើយក្នុងនាមជាអនុប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀងប្តេជ្ញាថា នឹងខិតខំកៀរគរស្វែងរកជំនួយជាបន្តបន្ទាប់ ដើម្បីជួយដល់បងប្អូន។
លោកបានផ្ដាំផ្ញើរឱ្យពលរដ្ឋខ្មែរមូស្លីមទាំងអស់ ត្រូវគោរពតាមវិធានការណ៍របស់ក្រសួងសុខាភិបាលឱ្យបានខ្ចាប់ខ្ចួន ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ត្បិតរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំ ធ្វើការលើរឿងនេះបានយ៉ាងល្អប្រសើរយ៉ាងណាក្ដី ក៏ចាំបាច់ទាមទារឲ្យបងប្អូនត្រូវចូលរួមទាំងអស់គ្នាផងដែរ ទើបមានប្រសិទ្ធភាពខ្ពស់៕