(កំពង់ឆ្នាំង)៖ នៅក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្នគេសង្កេតថាមានប្រជាកសិករភាគច្រើន បានចាប់យកមុខរបរផ្នែកកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ឱ្យមានជីវភាពធូរធា ដោយឆ្លៀតពេលទំនេរក្រោយពីការបង្កបង្កើនផលស្រូវរួច ក្នុងនោះដែរ ពួកគាត់បានចាប់យកនូវមុខរបរដាំបន្លែបង្ការ និងចិញ្ចឹមត្រី មាន់ ទា។ល។
កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ អង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានចុះទៅយកព័ត៌មានពីការចិញ្ចឹមទារបស់កសិករមួយគ្រួសារ ដែលមានទីលំនៅក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលពួកគាត់ពីរនាក់ប្ដីប្រពន្ធ បានចាប់យក មុខរបរចិញ្ចឹមទានេះ មានរយៈពេល៥ឆ្នាំមកហើយ និងបច្ចុប្បន្នកំពុងតែទទួលបានជោគជ័យ ពីការចិញ្ចឹមទានេះផងដែរ។
ជួបជាមួយនឹងអង្គភាពព័ត៌មាន Fresh News លោក ស៊ិន ចិន្តា ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមទាខ្នាតតូច ដែលបែបជាលក្ខណៈគ្រួសារ លោកបានរៀបរាប់ឱ្យដឹងថា ការដែលគាត់បានចាប់ យកមុខរបរចិញ្ចឹមទានេះ ដោយសារតែបច្ចុប្បន្ននេះគាត់ជាពេទ្យសត្វនៅក្នុងភូមិនេះ និងធ្លាប់បានសុំបទពិសោធន៍ខ្លះៗ ពីប្រជាកសិករដែលពួកគាត់ធ្លាប់មានបទពិសោធន៍ក្នុងការចិញ្ចឹមទា ដោយទទួលបានជោគជ័យ និងម្យ៉ាងដោយគាត់ធ្លាប់បានសិក្សាពីបច្ចេកទេសក្នុងការចិញ្ចឹមសត្វ ពីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងកន្លងមក។
លោក ស៊ិន ចិន្តា បានឱ្យដឹងទៀតថា ទាមេដែលគាត់ចិញ្ចឹមសព្វ ថ្ងៃនេះគឺមានចំនួន២ពាន់ក្បាល ហើយទាទាំងនេះផងដែរ គឺគាត់ទិញមកពីខេត្តកំពង់ចាម ក្នុងមួយក្បាលតម្លៃ ២៣,០០០រៀល ដោយមិនទាន់គិតថ្លៃដឹក ពេលយកមកដល់ទ្រុងនៅទីនេះបានរយៈពេលពីមួយសប្តាហ៍ ទៅ១០ថ្ងៃទាទាំងអស់នេះ ក៏ចាប់ផ្ដើមពងជាបណ្ដើរៗផងដែរ។ បច្ចុប្បន្នទាទាំងអស់នេះ បានពងទាំងអស់ហើយ ដោយក្នុងមួយយប់គាត់ប្រមូលបានពី១,២០០ ទៅ១,៥០០គ្រាប់។
លោក សុិន ចិន្តា បានគូសបញ្ជាក់ថា ចំពោះពងទាដែលប្រមូលបាន គឺគាត់បានយកទៅលក់ឱ្យម៉ូយនៅឯផ្សារលើក្រុងកំពង់ឆ្នាំង ក្នុង១គ្រាប់ តម្លៃ៣៨០រៀល ដោយគិតជាមធ្យម ក្នុងមួយថ្ងៃ គាត់អាចលក់ពងទាបានប្រាក់ពី ៥៥ម៉ឺនទៅ ៦០ម៉ឺនរៀល។ ហើយគាត់ក៏មានធ្វើជាពងទាព្រៃរាប់ពាន់គ្រាប់ សម្រាប់លក់ផងដែរ។ ពងទាប្រៃនេះ គឺលក់បោះឱ្យម៉ូយនៅផ្សារលើខ្លះផង និងលក់នៅនឹងផ្ទះរបស់គាត់ផង ដោយក្នុង១គ្រាប់ តម្លៃ៤៥០រៀល ដូច្នេះ ពីរនាក់ប្ដីប្រពន្ធ ពួកគាត់អាចរកប្រាក់ចំណូលពីការចិញ្ចឹមទាបានក្នុងមួយខែរហូត ពី១,០០០ទៅ ១,៣០០ដុល្លារ ក្រៅពីការទូទាត់ថ្លៃចំណាយផ្សេងៗអស់ទៅ។
ពាក់ព័ន្ធទៅនឹងបច្ចេកទេស នៃការចិញ្ចឹមទាដែលទទួលបានភាពជោគជ័យខាងលើនេះ បងប្រុសក៏បានរៀបរាប់ត្រួសៗឲ្យដឹងផងដែរថា ទីតាំងចិញ្ចឹមទារបស់គាត់នេះ ពុំមានស្រះទឹក អូរ ស្ទឹង បឹង សម្រាប់ឲ្យទាហែលលេងនោះទេ គឺគាត់បានរៀបឥដ្ឋធ្វើជាកូនអាងតូចៗដែលមានទទឹង ២ម៉ែត្រ គុណនឹង៣ម៉ែត្រ កំពស់បីទឹកចំនួន២ សម្រាប់បូមទឹកបញ្ចូលឱ្យទាហែលលេងតែប៉ុណ្ណោះ។ ហើយនឹងត្រូវធ្វើវ៉ាក់សាំងឲ្យវាចំនួន២ដងក្នុងមួយឆ្នាំ រៀងរាល់៦ខែម្ដង ទាទាំងអស់នេះសុពលភាពក្នុងការទទួលផល គឺមានរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ នឹងត្រូវចាប់លក់ចេញ ហើយទិញបញ្ចូលមេថ្មីមកជំនួសវិញ។ ទាចាស់ដែលត្រូវបញ្ចេញវិញគឺគាត់អាចលក់បានក្នុងមួយក្បាលពី ១,០៥០០រៀល ទៅ១,១៥០០រៀល ក្នុងមួយក្បាល រីឯលាមករបស់ទានៅពេលដែលបញ្ចេញមេចាស់ចេញ ក៏ត្រូវសំអាតទ្រុង ដើម្បីត្រៀមដាក់បញ្ចូលមេថ្មី ពេលនោះលាមកទា ត្រូវបានបោសប្រមូលច្រកបេ ដែលបានពី៣០០ ទៅ៤០០ បេហើយអាចលក់ចេញតម្លៃក្នុង១បេ ៣៥០០រៀល ផងដែរ។
ដោយឡែកលោក សុខ វាសនា ជាអាជ្ញាធរភូមិថ្មី ខាងលើនេះ លោកក៏បានឱ្យដឹងផងដែរថា កសិករមួយគ្រួសារនេះដែលបានចាប់យកមុខរបរផ្នែកកសិកម្ម គឺការចិញ្ចឹមទាគឺទទួលបានភាពជោគជ័យ ល្បីល្បាញនៅក្នុងភូមិផងដែរ កន្លងមកលោកក៏ឧស្សាហ៍ចុះមកអប់រំ ណែនាំដល់កសិដ្ឋានខ្នាតតូចមួយនេះ ដើម្បីជួយថែរក្សានូវបរិស្ថាន ដោយធ្វើយ៉ាងណាមិនឱ្យបង្ហូរទឹកស្អុយ ឬកាកសំណល់ផ្សេងៗចេញទៅខាងក្រៅ ខ្លាចក្រែងប៉ះពាល់ដល់ការរស់ នៅរបស់ប្រជាពលរដ្ឋ ដែលនៅជុំវិញបរិវេណនេះ។
តាមការសង្កេតពីអាជ្ញាធរឃើញថា ម្ចាស់កសិដ្ឋានមួយនេះក៏បានយកចិត្តទុកដាក់ សំអាតអនាម័យបរិស្ថាននៅជុំវិញទីតាំងចិញ្ចឹមទា ក៏ដូចជានៅជុំវិញលំនៅឋានរបស់គាត់ដោយមានការបាញ់ថ្នាំសម្លាប់មេរោគ និងកម្ចាត់ក្លិនជារៀងរាល់សប្តាហ៍ផងដែរ ដោយមិនធ្វើអោយមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងឡើយ៕