(មណ្ឌលគិរី)៖ លោក តឹក សាលី អនុរដ្ឋលេខាធិការ នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានចុះបើកការដ្ឋាន សាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ថ្លៃក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ លោក ស្វាយ សំអ៊ាង បានឱ្យដឹងថា ការបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះនេះ គឺជាផ្នែកមួយនៃគម្រោងផ្សេងៗ ទៀតនៃការសាងសង់ព្រលានយន្តហោះរបស់រាជរដ្ឋាភិបាល ហើយក៏ជាការត្រៀមទុកជាមុនសំរាប់ការពង្រីកផ្លូវដែលមានទំហំទទឹង ៦០ម៉ែត្រ និងប្រវែង ៣,៦០០ម៉ែត្រ ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ការដឹកទំនិញផ្សេងៗពីទីរួមខេត្តមណ្ឌលគិរី មកព្រលានយន្តហោះនេះ។
អភិបាលខេត្តបានបន្តថា ផ្លូវនេះនឹងអាចធ្វើជាពីរគន្លង ដែលមានសួនច្បារនៅចំកណ្ដាល និងមានបំពាក់ភ្លើងបំភ្លឺសងខាងផ្លូវ ដើម្បីធ្វើឱ្យផ្លូវនេះកាន់តែមានភាពស្រស់ស្អាត។ ការបើកការដ្ឋាន សាងសង់ផ្លូវ១ខ្សែនេះ ក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈ ជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងសម្រួលដល់ការដឹកជញ្ជូនគ្រឿងចក្រ និងគ្រឿងសំណង់ផ្សេងៗ នៅពេលដែលការដ្ឋានព្រលានយន្តហោះចាប់ផ្ដើមដំណើរការ។
លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា ការកសាងផ្លូវនេះ គឺជាគម្រោងរបស់លេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរស្រុក ដើម្បីសម្របសម្រួលដោះ ស្រាយបញ្ហាផ្សេងៗ ធ្វើយ៉ាងណាឱ្យការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះដំណើរការ ទៅរលូនតាមផែនការរបសរាជរដ្ឋាភិបាល។
លោកបានបន្ថែមថា នៅពេលដែលផ្លូវ និងព្រលានយន្តហោះនេះ បានសាងសង់ហើយជាស្ថាពរ វានឹងជំរុញកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យចូលមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី កាន់តែច្រើន ហើយតាមរយៈកំណើនភ្ញៀវទេសចរណ៍នេះ នឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច សង្គមយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ជាពិសេសគឺប្រជាពលរដ្ឋស្រុកអូរាំង តែម្ដង។
លោក តឹក សាលី ក៏បានថ្លែងអំណរគុណដល់ លោកអភិបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការក្នុងការ ជំរុញឱ្យគម្រោងសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះនេះដំណើរការទៅបានប្រកបដោយភាពរលូន។
លោកក៏បានសំណូមពរដល់អាជ្ញាធរពាក់ពន្ឋ័ទាំងអស់ ត្រូវបន្តសហការគ្នា ដើម្បីជំរុញឱ្យការសាង់សងផ្លូវ ដូចជាការសាងសង់ព្រលានយន្តហោះនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីនេះ ឱ្យដំណើរការទៅបានប្រកបដោយជោគជ័យ តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា៕