(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ការបញ្ឈប់យកថ្លៃធ្វើដំណើរលើផ្លូវជាតិលេខ៤ មិនត្រឹមតែជួយសម្រួលដល់ជីវភាព របស់ប្រជាពលរដ្ឋនោះ តែក៏បានជួយកាត់បន្ថយចំណាយរបស់អ្នកនាំចេញអង្ករ និងបង្កើនសមត្ថភាពប្រកួតប្រជែង ដេញថ្លៃផ្គត់ផ្គង់អង្ករ ទៅកាន់បណ្តាប្រទេសនានា។
ក្នុងឱកាសអញ្ជើញជាអធិបតី បើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៥ នាសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីឆ្នាំកន្លងទៅ កម្ពុជា បានបរាជ័យក្នុងការដេញថ្លៃ ដើម្បីផ្គត់ផ្គង់អង្ករ ទៅកាន់ប្រទេសហ្វីលីពីន ដោយតែកម្ពុជា ដាក់ថ្លៃផ្គត់ផ្គង់អង្ករ ថ្លៃជាងបណ្តាប្រទេសដទៃទៀត។
សម្តេចតេជោ រំពឹងថា ការបញ្ឈប់យកថ្លៃឆ្លងកាត់ផ្លូវជាតិលេខ៤នេះ នឹងជួយឲ្យកាត់បន្ថយការចំណាយ លើកការដឹកជញ្ជូន របស់អ្នកនាំអង្ករចេញ ហើយបង្កើនសមត្ថភាព ដើម្បីប្រកួតប្រជែងការដេញថ្លៃផ្គត់ផ្គង់អង្ករ ទៅកាន់បណ្តាប្រទេសនានា៕