(កណ្តាល)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីការងារផ្តល់សាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ ក្នុងរយៈពេលនៃការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ សម្រាប់ខែទី២ និងការងារពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋ និងជំរុញការបង្កើននិម្មិតសញ្ញាស្រុក និងឃុំ ក្នុងស្រុកល្វាឯម។
ពិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ ការិយាល័យពាក់ព័ន្ធ មេឃុំ និងស្មៀនឃុំទាំងអស់ទូទាំងស្រុក។
លោក នុត ពុធដារ៉ា បានធ្វើការណែនាំដល់អង្គប្រជុំអំពីការងារសំខាន់ៗ ដូចខាងក្រោម៖
* យកចិត្តទុកដាក់តាមដានត្រួតពិនិត្យ ការងារផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងរយៈពេលនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ហើយសូមឲ្យអាជ្ញាធរស្រុក និងឃុំ ជំរុញការងារនេះ ដើម្បីឲ្យប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ មកទទួលយកថវិកា ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់ជូន ឲ្យបានគ្រប់គ្រួសារ សម្រាប់ដំណាក់កាលទី២នេះ។
* យកចិត្តទុកដាក់លើការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ និងសេវារដ្ឋបាលសាធារណៈ ជាពិសេស ការធ្វើឯកសារអត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព ឯកសារបញ្ជាក់អត្តសញ្ញាណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាប័ណ្ណជាដើម ឲ្យស្របទៅនឹងអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព។
* ពង្រឹងការងារអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព លុបបំបាត់បទល្មើសលួចឆក់ប្លន់គ្រប់ប្រភេទ ល្បែងស៉ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន គឺកុំពាក់ព័ន្ធ កុំបន្ធូរបន្ថយ កុំអន្តរាគមន៍។
* អាជ្ញាធរស្រុក ឃុំ ត្រូវរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីទទួលយកសំណើ សំណូមពររបស់ប្រជាពលរដ្ឋ មកដោះស្រាយឲ្យបានទាន់ពេលវេលា។
* ជំរុញឲ្យរដ្ឋបាលស្រុក និងឃុំ ត្រួតពិនិត្យឡើងវិញ លើនិម្មិតសញ្ញាស្រុក និងឃុំរបស់ខ្លួន ដើម្បីឲ្យសមស្របទៅនឹងលក្ខណៈប្រវត្តសាស្ត្ររបស់ទីតាំង ស្ថានភាពជាក់ស្តែង និងខ្លឹមសារឲ្យងាយស្រួល ដើម្បីដាក់ជូនទៅក្រសួងមហាផ្ទៃ នាដំណាច់ឆ្នាំ២០២០នេះ៕