(ភ្នំពេញ)៖ នៅរយៈពេល៧ខែ ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករសម្រេចបាន ៤២៦,០៧៣តោន កើនឡើងប្រមាណ ១១៨ ០៦០ តោន ស្មើនឹង ៣៨.៣៣% បើធៀបទៅនឹងរយៈពេល៧ខែដើមឆ្នាំ២០១៩ ដែលមានចំនួន ៣០៨,០១៣ តោន។ នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣១ ខែកក្កដានេះ។
ដោយឡែកសម្រាប់ខែកក្កដា ឆ្នាំ២០២០ ការនាំចេញអង្ករបាន ចំនួន ២៨៤១៣ តោន កើនឡើងចំនួន ១៩៣៨ តោន ស្មើនឹង ៧.៣២% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៨៥២៣ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៩២០៨តោន, អង្ករចំហ៊ុយមានចំនួន ៦៨២ តោន និងអង្ករក្រហមមានចំនួន ២៨.៤១ តោន។
លោក វេង សាខុន បានបញ្ជាក់ទៀតថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៧ខែនេះ មានចំនួន ៥៧ប្រទេស៖ នៅក្នុងសហភាពអឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន៦ និងនៅទ្វិបដទៃទៀតចំនួន ២៦ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៧០ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
លោករដ្ឋមន្ត្រីបន្ថែមថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៧ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអឺរ៉ុបកើនចំនួន ៣៧.៧០%, ប្រទេសចិនកើនចំនួន ២៥.៩១%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៤.០៣%, និងគោលដៅដទៃទៀតបានកើនឡើងចំនួន ៧២.៤០% ។
ដោយឡែកការនាំចេញស្រូវ នៅតាមច្រកតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២០ មានចំនួនជាង ១.១ លានតោន៕