(កំពង់ធំ)៖ ស្រ្តីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរអស់ជីវិត ក្រោយពីរថយន្តដឹកដីមួយគ្រឿងបើកលឿន និងគ្មានការប្រុងប្រយ័ត្ន ហើយជ្រុលទៅបុកគោយន្តកន្រ្តៃយ៌ដឹកឈើ ដែលស្រ្តីរងគ្រោះជិះពីលើ នៅល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៦ត្រង់ចំនុចផ្លូវកែង ភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ភ្លាមៗនោះ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានជួយអន្តរាគមន៍ ដោយបញ្ជាឲ្យកម្លាំងសមត្ថកិច្ច តាមចាប់រថយន្តដឹកដី និងជួយហៅរថយន្តសង្គ្រោះដឹក ជនរងគ្រោះទៅកាន់មន្ទីរពេទ្យផងដែរ។
ភ្នាក់ងារ Fresh News បានរាយការណ៌ថា រថយន្តបង្កជារថយន្តដឹកដីពណ៌ខៀវ បើកបរដោយឈ្មោះ យន់ ហាក់ អាយុ២៩ ឆ្នាំ រស់នៅភូមិត្រពាំងប្ញស្សី ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានបើកបុកគោយន្ត ដែលបើកបរដោយឈ្មោះ ណែម ធីភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបណ្តាលឲ្យរងគ្រោះស្ត្រីម្នាក់ឈ្មោះ គង់ សុវី រស់នៅភូមិក្តីដូង ឃុំក្តីដូង ។
ភ្នាក់ងារបានរាយការណ៌ទៀតថា ពេលបុករួចម្ចាស់រថយន្តបានបើករត់គេចខ្លួន ប៉ុន្តែពេលនោះលោក គង់ វិមាន អភិបាលរងខេត្តបានឃើញហេតុការណ៍ផ្ទាល់ លោកក៏បានបញ្ជាឲ្យសមត្ថកិច្ច តាមចាប់រថយន្ត ហើយបានហៅរថយន្តសង្គ្រោះ មកសង្គ្រោះទាន់ពេលវេលានៅមន្ទីរពេទ្យ៥១៥ ប៉ុន្តែដោយឃើញស្ថានភាពធ្ងន់ធ្ងរពេកពេក មន្ទីរពេទ្យ៥១៥បានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យលោកសង្ឃ ភ្នំពេញ។
អ្នកជំងឺដឹងខ្លួន ប៉ុន្តែមិនអាចនិយាយបាន ដោយសភាពធ្ងន់ធ្ងរ គឺ បាក់ដៃ់ម្ខាង បាក់ថ្គាម ខាងឆ្វេង ភ្នែកអាចខ្វាក់ខាងឆ្វេង និងក្បាលអាចមានបញ្ហាទៀត។ ជាមួយហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌នេះ គង់វិមាន សំណូមពរដល់ម្ចាស់រថយន្តដឹកដីទាំងអស់ សូមបើកបរដោយគិតគូរពីការធ្វើដំណើរ របស់ប្រជាពលរដ្ឋនិងស្រោចទឹកតាមដងផ្លូវ បង្ការផលប៉ះពាល់លើសុខភាព៕