(ភ្នំពេញ)៖ បុរសពីរនាក់បានរងរបួស ក្រោយបាញ់តដៃគ្នា ដោយសារភាគីម្ខាងខឹងនឹងភាគីម្ខាងទៀត ប្រើពាក្យសំដីលេបខាយ ដាក់ប្រពន្ធរបស់ខ្លួន ហើយបង្កជាជម្លោះរហូតផ្ទុះអាវុធតែម្តង។
ហើយហេតុការណ៍បាញ់ប្រហារគ្នាខាងលើនេះ បានកើតឡើងនៅចំណុចប្លុកតាន់ប៉ា ផ្លូវលេខ១៥៤ កែង៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នៅម៉ោង២៣៖២០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦។
មន្ត្រីកងរាជអាវុធហត្ថ ដែលបានចុះទៅដល់ចំណុច កើតហេតុភ្លាមៗបានប្រាប់ថា មុនមានករណីបាញ់ប្រហារគ្នាបណ្តាលឲ្យ រងរបួសទាំងសងខាងនេះ គឺកើតឡើងបណ្តាលមកពីបុរសឈ្មោះ អ៊ុំ រិទ្ធី ដែលរងរបួសត្រង់ដៃខាងឆ្វេង នោះបានប្រើពាក្យសំដីមិនសមរម្យ គឺលេបខាយទៅកាន់ប្រពន្ធបុរសម្នាក់ទៀតឈ្មោះ សា។
បន្ទាប់មកបុរសជាប្តី របស់ស្ត្រីដែលឈ្មោះ សា ក៏បានឈ្លោះប្រកែកគ្នាជាមួយ អ៊ុំ រិទ្ធី ធ្វើឲ្យ អ៊ុំ រិទ្ធី ខឹងបានដកកាំភ្លើងខ្លីភ្ជង់ ពេលនោះប្តីស្រ្តីរងគ្រោះក៏បានដកកាំភ្លើងភ្ជង់វិញដែរ ធ្វើឲ្យបុរសទាំងពីរបាញ់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសទាំងសងខាង ជាលទ្ធផលបុរសជាប្តីរបស់ស្ត្រីរងការលេបខាយនោះ ត្រូវរងរបួសត្រង់ជើងមួយគ្រាប់ បានរត់គេចខ្លួនបាត់ ចំណែកឯបុរសដែលបុរសដែលលេបខាយដាក់ប្រពន្ធរបស់គេ គឺរងរបួសត្រង់ដៃខាងឆ្វេង ហើយត្រូវបានមិត្តភក្តិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ១៧៩។ ដោយឡែកមិត្តភក្តិរបស់បុរសរងរបួសម្នាក់ទៀត ឈ្មោះ ជ័យ រិទ្ធា ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនយកទៅកាន់ទីបញ្ជារការដ្ឋាន កងរាជអាវុធហត្ថដូនពេញ ពីបទរក្សាអាវុធទុកឲ្យជនបង្ក ហើយក្នុងការឃាត់ខ្លួននោះ គឺកម្លាំងអាវុធហត្ថបានដកហូត កាំភ្លើងខ្លី មួយដើមម៉ាក Beretta និងរថយន្ត កូរ៉ឡាមួយគ្រឿងផងដែរ៕