(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារមួយរូប នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានរៀបចំនូវអត្ថបទសំខាន់មួយ ដោយពន្យល់អំពីនីតិវិធីដែលអ្នកជាប់ពន្ធ បង់ពន្ធខុស ត្រូវអនុវត្តន៍ដើម្បីតម្រូវការឲ្យត្រឹមត្រូវវិញ។
ខាងក្រោមនេះ គឺជាអត្ថបទនៃការពន្យល់ រៀបចំដោយមន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារមួយរូប៖
ជាធម្មតា ការបង់ប្រាក់ពន្ធបច្ចុប្បន្ន គឺធ្វើឡើងតាមរយៈ៣ជម្រើស គឺការបង់ប្រាក់ពន្ធ នៅអង្គភាពពន្ធដារ ដែលគ្រប់គ្រងសហគ្រាស, ការបង់ពន្ធនៅធនាគារពាណិជ្ជ ដែលជាដៃគូដែលបានចុះអនុស្សរណៈប្រមូលចំណូលពន្ធដារ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការបង់ប្រាក់ពន្ធតាមប្រព័ន្ធអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ។
លោកអ្នកប្រហែលជាធ្លាប់ជួបករណីបង់ប្រាក់ពន្ធខុសដូចជា បង់ប្រាក់ពន្ធខុស បង់ខុសប្រភេទពន្ធ កំហុសបច្ចេកទេសរបស់មន្រ្តីពន្ធដារ ឬមន្រ្តីធនាគារ ជាដើម។
ឧទាហរណ៍៖ លោកអ្នកទៅប្រកាសបង់ពន្ធ នៅធនាគារអេស៊ីលីដា លើប្រភេទពន្ធលើប្រាក់បៀវត្សទឹកប្រាក់ ២០០ ០០០ រៀល ពេលទៅធនាគារបោះពុម្ពបង្កាន់ដៃជូនវិញ បែរជាចេញពន្ធលើអត្ថប្រយោជន៍បន្ថែម ទឹកប្រាក់ ២០០ ០០០ រៀលទៅវិញ។
នៅពេលលោកអ្នកបានយកបង្កាន់ដៃ ទៅដាក់លិខិតប្រកាសពន្ធជាមួយមន្រ្តីពន្ធដារ តែបែរជាពិនិត្យឃើញថា ខុសទឹកប្រាក់ពន្ធ ដូច្នេះលោកអ្នកត្រូវអនុវត្តតាមចំណុចដូចខាងក្រោម៖
* បើលោកអ្នកបង់ប្រាក់ពន្ធនៅធនាគារឬអង្គភាពពន្ធដារ ហើយមិនទាន់បានដាក់លិខិតប្រកាសជាមួយមន្រ្តីពន្ធដារ៖
១៖ ចូលទៅ website: tax.gov.kh ដើម្បីទាញយកទម្រង់ (CTR001)ស្នើសុំមោឃៈបង្កាន់ដៃ រួចបំពេញព័ត៌មានដែលតម្រូវ
២៖ ភ្ជាប់ពាក្យស្នើសុំ និងបង្កាន់ដៃទាំង២ពណ៌ (ស និងផ្កាឈូក) ទៅធនាគារ ឬអង្គភាពពន្ធដារ ដែលលោកអ្នកបានបង់
៣៖ បន្ទាប់មកធនាគារឬអង្គភាពពន្ធដារ នឹងដោះស្រាយជូនតាមសំណើដែលស្នើសុំ
៤៖ ទទួលបង្កាន់ដៃត្រឡប់មកវិញ និងភ្ជាប់ទៅអង្គភាពពន្ធដារដើម្បីដាក់លិខិតប្រកាសពន្ធឡើងវិញ
* បើលោកអ្នកបង់ប្រាក់ពន្ធ ហើយបានដាក់លិខិតប្រកាសជាមួយមន្រ្តីពន្ធដាររួច៖
១៖ ទៅអង្គភាពពន្ធដារដើម្បីទៅយកបង្កាន់ដៃពណ៌ ស ហើយឱ្យមន្រ្តីពន្ធដារបដិសេធក្នុងប្រព័ន្ធជាមុនសិន
២៖ បន្ទាប់មក ចូលទៅ website: tax.gov.kh ដើម្បីទាញយកទម្រង់ (CTR001)ស្នើសុំមោឃៈបង្កាន់ដៃ រួចបំពេញព័ត៌មានដែលតម្រូវ
៣៖ ភ្ជាប់ពាក្យស្នើសុំ និងបង្កាន់ដៃទាំង៣ ពណ៌ (ស ផ្កាឈូក និងលឿង) ទៅធនាគារ ឬអង្គភាពពន្ធដារ ដែលលោកអ្នកបានបង់
៤៖ បន្ទាប់មកធនាគារ ឬអង្គភាពពន្ធដារ នឹងដោះស្រាយជូនតាមសំណើដែលស្នើសុំ
៥៖ ទទួលបង្កាន់ដៃត្រឡប់មកវិញ និងភ្ជាប់ទៅអង្គភាពពន្ធដារដើម្បីដាក់លិខិតប្រកាសពន្ធឡើងវិញ
* បើលោកអ្នកបង់ប្រាក់ពន្ធតាមរយៈប្រព័ន្ធអនឡាញ E-payment៖
១៖ ដាក់ពាក្យស្នើសុំភ្ជាប់ជាមួយ បង្កាន់ដៃដែលបោះពុម្ពចេញប្រព័ន្ធអនឡាញ ដោយបញ្ជាក់ពីកម្មវត្ថុ និងមូលហេតុមកអគ្គនាយកដ្ឋានពន្ធដារ
២៖ តាមដានសំណើសុំ រហូតដល់បានសម្រេច
៣៖ អនុវត្តតាមការណែនាំក្នុងលិខិតដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ
៤៖ រួចភ្ជាប់បង្កាន់ដៃដែលត្រឹមត្រូវ ដើម្បីដាក់លិខិតប្រកាសតាមនីតិវិធី ៕