(ភ្នំពេញ)៖ បើតាមការបញ្ជាក់របស់ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងថា រដ្ឋលេខាធិការអាកាសចរស៊ីវិលកម្ពុជា បានដាក់ចេញនូវការងារអាទិភាពចំនួន៥ សម្រាប់អនុវត្តន៍ ដើម្បីស្តារមុខមាត់វិស័យអាកាសចរណ៍កម្ពុជាឡើងវិញ ក្រោយបញ្ចប់វិបត្តិជំងឺកូវីដ១៩។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ លោក ស៊ីន ចាន់សិរីវុត្ថា ការងារអាទិភាពទាំង៥នោះរួមមាន៖
១៖ ជាទស្សនទាន និងទិសដៅ ក្រោយពេលស្ថានការណ៍កូវីដ-១៩ ត្រូវគ្រប់គ្រងបាន និងបញ្ចប់នោះ
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានវិធានការសំខាន់ៗ ក្នុងការស្ដារឡើងវិញនូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជា ដូចជាការជំរុញ និងពង្រឹងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន, ការពង្រឹង សុវត្ថិភាពតាមបទដ្ឋានគាំពារជំងឺកូវីដ-១៩, ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិភាពជាដៃគូបន្ថែមទៀត ក្នុងការធ្វើយ៉ាងណាឱ្យមានការទាក់ទាញ ការវិនិយោគបន្ថែម លើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បី ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ស្របទៅតាមគោលនយោបាយពិពិធកម្មសេដ្ឋកិច្ច និងការបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល។
២៖ ខិតខំពង្រឹង និងអនុវត្តនូវវិធានការបង្ការថ្មីៗ ដែលបានណែនាំ និងដាក់ចេញដោយអង្គការអាកាស
ចរស៊ីវិលអន្តរជាតិ (ICAO) ក៏ដូចបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយសហការសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ។
៣៖ ក្រៅពីវិធានការដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងកម្រិតបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានដាក់ចេញនូវការណែនាំ (Guidance /Advice/ Notification) សេចក្ដីប្រកាសផ្នែកសុវត្ថិភាព (Safety information Bulletin/ Directive) ដល់សហគ្រាសឧស្សាហកម្ម អាកាសចរស៊ីវិល។
៤៖ ពិនិត្យ វិភាគ និងតាមដានស្ថានភាពវិវត្តថ្មីៗ នៅក្នុងតំនបន់ ក៏ដូចជានៅក្នុងពិភពលោក ដើម្បីឈានទៅកំណត់បានហានិភ័យ ឈានទៅរកការសម្របសម្រួល ក្នុងការបើកជើងហោះហើរក្នុងស្រុក ឬអន្តរជាតិជាបណ្ដើរៗ បន្ទាប់ពីមានភ្លើងខៀវពីរាជរដ្ឋាភិបាល និងដោយមានកិច្ចសហការពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាល។
៥៖ ពិនិត្យ ធ្វើបច្ចុប្បន្នភាពឡើងវិញនូវវិធានការ និងសេចក្ដីណែនាំដែលបានដាក់ចុះ ដោយអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) ដើម្បីធានាបាននូវការការពារការរីករាលដាលនៃជំងឺកូវីដ១៩ផង និងអាចធានាសុវត្ថិភាព សន្តិសុខក្នុងការហោះហើរផង។
អ្នកនាំពាក្យរូបនេះបានបន្តថា បើនិយាយពីចំណុចជាអាទិភាព ដែលត្រូវស្តារឡើងវិញនោះ គឺការជំរុញឱ្យមានការបើកជើងហោះហើរ ជាប្រក្រតីឡើងវិញបន្តិចម្ដងៗ និងការពង្រឹងការអនុវត្តន៍បទដ្ឋានសុវត្ថិភាព គាំពារវីរូសកូវីដ-១៩ សម្រាប់ការធានាបាននូវការបើកឱ្យមានដំណើរការឡើងវិញ នូវក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ អាចនិយាយបានថា គឺជាការត្រៀមខ្លួន ឱ្យរួចរាល់ជាមុនក្នុងការបើកជើងហោះហើរជាប្រក្រតី «នេះជាចំណុចអាទិភាពមុនគេ»។
លោកបន្តថា ក្រៅពីនេះ អាកាសចរណ៍ស៊ីវិល ក៏នឹងធ្វើយ៉ាងណាឱ្យមានសកម្មភាព ការតភ្ជាប់តាមផ្លូវអាកាសឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយគោរពបាននូវភាពអនុលោម នៃវិធានការសុខភាពសាធារណៈ និងការកសាងទំនុកចិត្តដល់អ្នកធ្វើដំណើរតាមផ្លូវអាកាសឡើងវិញ ដោយធានាបាននូវវិធានការសុខភាព សន្តិសុខ និងសុវត្ថិភាព៕