(ភ្នំពេញ)៖ ខណៈដែលស្ត្រីមួយចំនួនកំពុងជួបបញ្ហាប្រឈមក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត ធនាគារឯកទេសវីង បានចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីដើម្បីជំរុញកំណើនចំនួនស្ដ្រី ទទួលបានហិរញ្ញវត្ថុផ្លូវការនៅកម្ពុជា។
កាលពីថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងកិច្ចការនារី ដោយមានការគាំទ្ររបស់ក្រុមហ៊ុន វីសា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី» នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការចូលរួមពីលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និង លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា។
ដោយមានការចូលរួមពីមន្រ្តី៣៨រូប ដែលជាបុគ្គលិកមកពីមន្ទីរជុំវិញខេត្តសៀមរាប រួមមាន មន្ទីរអប់រំ មន្ទីរកិច្ចការនារី និងមន្ទីរពាណិជ្ជកម្ម និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុ និងដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយបន្តក្នុងគោលដៅជួយដល់់ធុរៈកិច្ចនិងអាជីវកម្មរបស់ស្រ្តី នៅតាមមូលដ្ឋាន។
លោកស្រី ជា សិរី បានថ្លែងថា៖ “ថ្មីត្បិតតែបច្ចុប្បន្នវិស័យហិរញ្ញវត្ថុមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ស្រ្តីមួយចំនួនធំ នៅតែជួបបញ្ហាប្រឈមក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ជាពិសេសនៅពេលចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្មនៅមានកម្រិត”។
ហេតុដូច្នេះហើយ ធនាគារជាតិនៃកម្ពុជាបានរួមសហការជាមួយក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធនានាដើម្បីជំរុញលទ្ធភាពស្រ្តីទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងប្រើប្រាស់ហិរញ្ញវត្ថុទាំងនោះដោយការទទួលខុសត្រូវ និងត្រឹមត្រូវតាមគោលដៅ។
លោកស្រី អគ្គនាយកបច្ចេកទេស បានបន្តថា៖ «កាលណាស្ត្រីអាចទទួលបានហិរញ្ញប្បទានហិរញ្ញវត្ថុកាន់តែច្រើន ពួកគេ នឹងអាចរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចគ្រួសារ និងសហគមន៍របស់ពួកគេ»។
អ្នកស្រី ឆាយ កញ្ញា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សារផលិផលនៃធនាគាឯកទេសវីង និងជាអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលនេះ បានប្រាប់ឱ្យដឹងថា ការជួយគាំទ្រស្ត្រីក្នុងវិស័យហិរញ្ញវត្ថុ និងជំរុញពួកគេឱ្យក្លាយជាសហគ្រិនស្រី្ត វាជាទិសដៅដ៏មានប្រសិទ្ធភាពមួយ ដែលអាចធ្វើឱ្យស្ត្រីក្លាយជាអ្នកអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏ដូចសេដ្ឋកិច្ចគ្រួសារដ៏មានប្រសិទ្ធភាព។
កាលណាស្រ្តីមានមុខរបរ និងមានប្រាក់ចំណូលសមរម្យ នោះស្ត្រីនឹងមានសិទ្ធិកាន់តែល្អប្រសើរក្នុងការធ្វើការសម្រេចចិត្តទាំងថ្នាក់ជាតិ និងក្រោមជាតិ ក៏ដូចមានឥទ្ធិពលក្នុងសង្គម និងក្រុមសារផងដែរ។
ក្រៅពីចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជាក្នុងការជំរុញកំណើនចំនួនស្ដ្រីទទួលបានហិរញ្ញវត្ថុផ្លូវការនៅកម្ពុជា ធនាគារឯកទេសវីង កន្លងមកបានចូលរួមគាំទ្រដល់កម្មវិធី“អក្ខរកម្មហិរញ្ញវត្ថុ”របស់ក្រសួងអប់រំ ការលើកកំពស់សិទ្ធិនារីនៃ៨មីនាជាមួយក្រសួងកិច្ចការនារី និងសហការជាមួយស្ថាប័នជាច្រើនផ្សេងទៀតក្នុងការលើកកំពស់អក្ខរកម្មហិរញ្ញវត្ថុរបស់ស្រ្តី និងជំរុញការអភិវឌ្ឍស្រ្តីក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។
ក្នុងទិសដៅលើកកម្ពស់ស្រ្តីក្នុងវិស័យហិរញ្ញវត្ថុ និងសហគ្រិនស្ត្រី ធនាគារឯកទេសវីងមានភ្នាក់ងារវីងជិត៨០០០កន្លែងទូទាំងប្រទេស ដែលក្នុងនោះ៨០%គឺជាស្ត្រី។
ស្ត្រី កំពុងដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុគ្រប់ទីកន្លែងនៅកម្ពុជា។ ជាងនេះទៅទៀត ភ្នាក់ងារវីង ដែលជាស្ត្រីបានកំពុងដើរតួរយ៉ាងសំខាន់ជួយជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងជួយគាំទ្រសេដ្ឋកិច្ចជាតិ និងក្រុមគ្រួសារផងដែរ៕