(ភ្នំពេញ)៖ នៅរាត្រីថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បង្ហាញនៅលើ Facebook របស់សម្តេចថា ចៅស្រីរបស់សម្តេច ឈ្មោះ ហ៊ុន ពេជ្រម៉ានីវលក្ខណ៍ ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតព្យាណូ នៅសាលា ISPP រាជធានីភ្នំពេញ។ ជាមួយនោះដែរ សម្តេចតេជោ បានសំណូមពរឲ្យបងប្អូនជនរួមជាតិពិតមិនត្រូវធ្វេសប្រហែសទេ ក្នុងការអប់រំកូនចៅ ជាពិសេសក្នុងវ័យកុមារឲ្យ ចេះទទួលខុសត្រូវ និងប្រឹងប្រែងរៀនសូត្រ ហើយអាងលើសមត្ថភាពចំណេះដឹងផ្ទាល់ខ្លួន ដើម្បីឲ្យក្លាយទៅជាវប្បធម៌ទទួលខុសត្រូវ សម្រាប់កូនចៅខ្មែរគ្រប់ជំនាន់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook ផ្លូវការរបស់សម្តេចនាយប់ថ្ងៃនេះថា៖ «ថ្ងៃនេះក្នុងនាមខ្ញុំជាជីតា គឺសប្បាយចិត្តខ្លាំងណាស់ដែលចៅស្រី ហ៊ុន ពេជ្រម៉ានីវលក្ខណ៍ បានទទួលជ័យលាភីលេខ ១ ក្នុងការប្រកួតព្យាណូ (Piano) នៅសាលា ISPP ភ្នំពេញ។ ចៅស្រីខ្ញុំមិនត្រឹមតែចេះភាសាខ្មែរទេ គឺនាងចេះទាំងភាសាអង់គ្លេស និងភាសាចិនផងដែរ។ ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ ចៅខ្ញុំ និងលទ្ឋផលដ៏ល្អរបស់នាងនៅសាលារៀន គឺពិតជាបានបង្ហាញអំពីការយកចិត្តទុកដាក់ពីឪពុកម្តាយ ទោះបីរវល់មមារញឹកនិងការងារបែបណាក៏ដោយ ក៏នៅមានឱកាសអប់រំកូនបានល្អ។
កាន់តែសប្បាយថែមទៀតនៅពេលចៅចូលមករាយការណ៌ឱ្យជីតា អំពីលទ្ធផលប្រឡងរបស់គេដែលផ្តល់ឱកាសឱ្យខ្ញុំ ថតរូបជាមួយចៅយ៉ាងសប្បាយ។
ចៅខ្ញុំស្គាល់ចិត្តយ៉ាងច្បាស់ថា ជីតាត្រូវការនូវលទ្ធផលរៀនសូត្រ ទើបគេចូលមករាយការណ៌ឱ្យជីតាមុនគេ។
ខ្ញុំសង្ឃឹមថា បងប្អូនជនរួមជាតិពិតមិនធ្វេសប្រហែសទេ ក្នុងការអប់រំកូនចៅ ជាពិសេសក្នុងវ័យកុមារឲ្យចេះទទួលខុសត្រូវ និងប្រឹងប្រែងរៀនសូត្រ ហើយអាងលើសមត្ថភាពចំណេះដឹងផ្ទាល់ខ្លួន ដើម្បីឲ្យក្លាយទៅជាវប្បធម៌ទទួលខុសត្រូវសម្រាប់កូនចៅខ្មែរគ្រប់ជំនាន់៕