(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព បើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៥ ដែលរៀបចំឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា នាសណ្ឋាគារ សុខា ភ្នំពេញ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

វេទិកាស្រូវអង្ករកម្ពុជា លើកទី៥ រៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ ដោយឡែកនៅថ្ងៃទី២៤ ខែមករានេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រារព្ធពិធីបុណ្យស្រូវអង្ករ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ សុខា ភ្នំពេញ។ ក្នុងពិធីនេះ ក៏មានការរៀបចំប្រកួតស្រូវអង្ករល្អបំផុតលើសគេ ប្រចាំប្រទេសកម្ពុជាផងដែរ។

បើតាមលោក សុង សារ៉ន ប្រធានក្រុមការងារទីផ្សារ នៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុន AMRU RICE បានប្រាប់ Fresh News ឲ្យដឹងថា ការប្រកួតស្រូវអង្ករល្អបំផុតរបស់កម្ពុជា ក្នុងទិវាស្រូវអង្ករនេះ ត្រូវបានសហព័ន្ធចែកចេញជា៥ ពាន់រង្វាន់ គឺ ១-ពានរង្វាន់អង្ករស ល្អជាងគេបំផុតរបស់កម្ពុជា, ២-ស្រូវល្អបំផុតរបស់កម្ពុជា , ៣-អង្ករចំហុយល្អបំផុត របស់កម្ពុជា, ៤-អង្ករផ្ការំដួល ល្អបំផុតរបស់កម្ពុជា និងទី៥-អង្ករក្រអូបល្អបំផុតរបស់កម្ពុជា ។

លោក សុង សារ៉ន បន្តថា នៅយប់ថ្ងៃទី២៤ ខែមករានេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានរកឃើញជយលាភីចំនួន៣រួចហើយ គឺ ពានរង្វាន់អង្ករស ល្អជាងគេបំផុតរបស់កម្ពុជា បានទៅលើក្រុមហ៊ុន AMRU RICE , ២-ស្រូវល្អបំផុតរបស់កម្ពុជា បានទៅលើសហគមន៍ស្រូវខេត្តបាត់ដំបង និង៣-អង្ករចំហុយល្អបំផុត របស់កម្ពុជា បានទៅក្រុមហ៊ុន SOA ។ ចំណែកជយលាភី២ ផ្សេងទៀត រួមមាន អង្ករផ្ការំដួល ល្អបំផុតរបស់កម្ពុជា និងអង្ករក្រអូបល្អបំផុតរបស់កម្ពុជា នឹងត្រូវប្រកាស និងផ្តល់ពាននៅថ្ងៃស្អែក ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕