(ភ្នំពេញ)៖ ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃអាទិត្យនេះថា កាលពីយប់មិញកម្លាំងរបស់លោក សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រវឹងនៅគ្រប់ខណ្ឌទូទាំងរាជធានី ដោយក្នុងនោះឃាត់បានមនុស្សចំនួន៨នាក់ រថយន្ត៤គ្រឿង និងម៉ូតូ៤គ្រឿង ព្រមទាំងត្រៀមបញ្ជូនទៅកាន់តុលាការនៅថ្ងៃស្អែក។
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់រូបនោះបានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីប្រើប្រាស់ជាតិស្រវឹងក្នុងពេលបើកបរនេះ កម្លាំងសមត្ថកិច្ចបានឃាត់ និងតម្រូវឲ្យតម្កល់ប្រាក់កក់ផាកពិន័យ១០០០ដុល្លារសម្រាប់រថយន្ត និង២០០ដុល្លារសម្រាប់ម៉ូតូ ថែមទាំងត្រៀមបញ្ជូនទៅកាន់តុលាការនៅស្អែកផងដែរ។ អ្នកទាំង៨នាក់ដែលត្រូវបានឃាត់ខ្លួននោះ គឺលើសជាតិស្រវឹងរហូតដល់០.៦០។
ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា បានអះអាងទៀតថា នៅយប់ថ្ងៃទី២៤ ខែមករានេះកម្លាំងរបស់លោក និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នឹងដាក់ជិត១០គោលដៅទៀត ដើម្បីត្រៀមត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រវឹងនៅគ្រប់ខណ្ឌទូទាំងរាជធានីភ្នំពេញ។
សូមជំរាបថា កាលពីម្សិលមិញ (យប់ថ្ងៃទី២៣ ខែមករា) ចាប់ម៉ោង១១៖០០នាទីតទៅ កំលាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ សហការជាមួយកម្លាំងអាវុធហត្ថ និងស្នងការរាជធានីភ្នំពេញ បានចុះពិនិត្យអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ដែលមានសារធាតុញៀន និងគ្រឿងស្រវឹង នៅគ្រប់បណ្តាលខណ្ឌ ទូទាំងរាជាធានីភ្នំពេញ, ដោយកាលពីយប់មិញ ឃាត់ខ្លួនបានមនុស្សចំនួន៨នាក់ (ឡាន៤គ្រឿង និងម៉ូតូ៤)។
សូមរំលឹកថា ក្នុងការត្រួតពិនិត្យប្រសិនបើបងប្អូនណាដែល កំលាំងសម្ថកិច្ចត្រួតពិនិត្យរកឃើញថា មានកំរិតផ្ទុកជាតិអាកុលចាប់ពី ០,៤០មីលីក្រាម ក្នុង១លីត្រខ្យល់ឡើងទៅ នឹងត្រូវផ្តន្ទារទោសដាក់ពន្ធនាគារចាប់ពី១ខែដល់៦ខែ និងត្រូវពិន័យជាប្រាក់ថែមទៀត៕