(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ បាននាំប្រជាជនដែលមានជំងឺ ប្រមាណជិត៤០០០នាក់ ដែលក្រុមការងារនាំយកពីតាមសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ដើម្បីមកទទួលការពិនិត្យព្យាលដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុងបរិវេណវត្ត កៀនស្វាយក្នុង ស្ថិតតាមបណ្តោយផ្លូវ ជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ដឹកនាំដោយលោក យឹម លាង ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចវិបុលសេនាភក្តីសាយ ឈុំ ដឹកនាំដោយលោក យឹម លាង នៅពេលនេះដែរ គឺជាសក្ខីភាពសបញ្ជាក់ឱ្យឃើញពីមនោសញ្ចេតនាយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យសុខាភិបាល ដែលជាវិស័យអាទិភាពក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លៀសវៃប្រកបទៅដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងពេលពិនិត្យនោះដែរ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកអ៊ាង សីុផាន អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ព្រមទាំងលោក អ៊ុច គឹមអន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌច្បារអំពៅនិងលោកស្រី ឡោក ខេង អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាក្រុមការងារចុះជួយខណ្ឌច្បារអំពៅ និងចូលរួមដោយលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលរង ចៅសង្កាត់ទាំង៨ ស.ស.យ.កខណ្ឌ ផងដែរ ។
លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ក្នុងការពិនិត្យជំងឺនេះដែរ ក្រុមគ្រូពេទ្យ បានពិនិត្យទៅ លើជំងឺទូទៅ ពិនិត្យដោយផ្តល់វ៉ែនតាផងដែរ ជំងឺត្រចៀក ព្យាបាលមាត់ ធ្មេញ និងវះកាត់តូច ជាដើម ព្រមទាំងមាន ទទួលពិនិត្យឈាម រកមេរោគ និងមានឆ្លុះអេកូ ផងដែរ។
មានវត្ដមានក្នុងការចុះ ព្យាបាលដោយឥតគិតថ្ងៃនេះ លោក អ៊ាង សុីផាន មានប្រសាសន៍ ថ្ងែងអំណរ គុណដល់ លោកគ្រូ អ្នកគ្រូពេទ្យស្មគ្រ័ចិត្ដ របស់សម្តេចវិបុលសេនាភក្តឋិ សាយ ឈុំ ដែលចំណាយពេលមួយថ្ងៃពេញ ដើម្បីពិនិត្យ ព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌច្បារអំពៅ ទាំងមិនគិតការនឿយហត់។
ជា ចុងក្រោយលោក អភិបាលខណ្ឌបាន ថ្លែងផ្ដាំផ្ញើ ដល់បងប្អូនទាំងអស់សូមថែរក្សា សុខភាព តាមរយៈការ រស់នៅស្អាត ផឹកស្អាត បិរភោគស្អាត នាំមកនូវ សុខភាពប្រសើរគ្រប់ៗ គ្នា។
ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវទឹកចិត្តត្រេកអរយ៉ាងក្រៃលែង និងបានថ្លែងអំណអរគុណបំផុត ចំពោះអាជ្ញាធរខណ្ឌច្បារអំពៅ ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ ខ្នះខ្នែង គិតគូរ ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដោយបានចុះមកពិនិត្យជំងឺដោយគ្មានការបង់ថ្លៃដល់មូលដ្ឋាន ជាក់ស្តែងដូចក្នុងពេលនេះតែម្តង៕