(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានបញ្ជាក់ថា បើទោះបីជាក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា-ចិន ជាមិត្តល្អមិនបោះបង់ចោលគ្នា ក្នុងគ្រាមានអាសន្ន។
ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ នាង ផាត បានធ្វើឡើងនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានផ្តល់បទសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មានទូរទស្សន៍ CCTV របស់ចិន នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានចិន នាយឧត្តមសេនីយ៍ នាង ផាត បានឱ្យដឹងថា ជាការពិតណាស់ជំងឺកូវីដ-១៩ គឺជាជំងឺដ៏កាចសាហាវមួយដែលកំពុងរាតត្បាតជាសកល បានឆក់យកអាយុជីវិតមនុស្សរាប់សែននាក់ និងឆ្លងរាលដាលរាប់លាននាក់ ព្រមទាំងរុញច្រានសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ក្នុងវិបត្តិយ៉ាងជ្រៅដែលមិនធ្លាប់មានពីមុនមក។ ដោយឡែក ក្នុងគ្រាដែលកំពុងកើតមានវិបត្តិដ៏អាក្រក់នេះ កម្ពុជា មានមិត្តដែកថែប ដូចជាមហាមិត្តចិន ដែលពាក្យស្លោកបានពោលថា «មិត្តដែលល្អ គឺចេះជួយគ្នាក្នុងគ្រាលំបាក»។
នាយឧត្តមសេនីយ៍ នាង ផាត បានបន្តថា ជាសម្តែងនូវការយកចិត្តទុកដាក់ចំពោះមិត្តចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើដំណើរទស្សនកិច្ចជាបន្ទាន់ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ខណៈដែលប្រទេសចិន កំពុងប្រឈមនឹងការផ្ទុះឡើងជំងឺកូវីដ-១៩។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សកម្មភាពទាំងនេះ សរបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា «ទោះជាកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ មិត្តល្អមិនបោះបង់គ្នាក្នុងគ្រាអាសន្ន»។
ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ បានរំឮកថា នៅក្នុងជំនួបតាមរយៈ Video Conference រវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក វ៉េ ហ្វ៊ុងហឺ រដ្ឋមន្ត្រីក្រសួងការពារប្រទេសចិន បានបញ្ជាក់ពីចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដែលជាកង្វល់រួមក្នុងតំបន់ និងសកលលោក។
នាយឧត្តមសេនីយ៍ នាង ផាត បានគូសរំឮកទៀតថា តាមរយៈមិត្តភាពដែកលថែបនេះ រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន បានផ្តល់ជំនួយឥតសំណងសម្ភារសុខាភិបាល និងបានបញ្ជូនក្រុមគ្រូពេទ្យជំនាញ មកជួយបង្ហាត់បង្រៀនដល់ក្រុមគ្រូពេទ្យជំនាញកម្ពុជា ក្នុងការការពារ ទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ បានបញ្ជូន សម្ភាបរិក្ខាប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់កម្ពុជា ចំនួន៤លើក គិតជាថវិកា មានតម្លៃរាប់លានដុល្លារអាមេរិក។
ស្ថិតនៅក្នុងឱកាសផ្តល់បទសម្ភាសនេះដែរ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានផ្ញើសារចូលរួមអបអរសាទរ នាឱកាសបុណ្យគម្រប់ខួបលើទី៩៣ឆ្នាំ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន ក្នុងនាមរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សូមប្រសិទ្ធិពរជ័យជូនចំពោះថ្នាក់ដឹកនាំ និងងកងទ័ពរំដោះប្រជាជនចិន សូមប្រកបដោយសុខភាពបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី និងរួមចំណែកកសាងលើកកម្ពស់សេដ្ឋកិច្ច ព្រមទាំងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាកងទ័ពទំនើប មានសមត្ថភាព និងវិជ្ជាជីវៈខ្ពស់ដើម្បីរួមចំណែករក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់ និងពិភពលោក៕