(កណ្តាល)៖ នៅថ្ងៃទី ២៤ ខែមករានេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង បានអញ្ជើញជាអធិបតីក្នុងពីធី ប្រកាសតែងតាំង អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្តាលស្ទឹង តាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃ គណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល ចុះថ្ងៃទី ០៤ខែ មករា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកណ្តាល។
បើយោងតាមសេចក្តីសម្រេច បានប្រកាសតែងតាំង លោក ម៉ម ប៊ុននាង ជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិប្រចាំស្រុក កណ្តាលស្ទឹង។
ក្នុងពិធីនោះដែរ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានជួបសំណេះជាមួយមេឃុំ មេភូមិព្រមទាំង ប្រកាសអំណោយជួយកសាងក្នុងនាមសម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ជួយកសាងរួមមាន៖ នៅឃុំព្រែកស្លែង ជីកប្រឡាយទឹកប្រវែង ៤០០០ម៉ែត្រ, ឃុំរកា ជីកប្រឡាយទឹក ប្រវែង ១២០០ម៉ែត្រ, ឃុំសៀមរាប ជូនថវិការចំនួន ១០០០ដុល្លារ សម្រាប់សាងសង់បង្ហើយ ស្នាក់ការភូមិមួយខ្នងស្ថិតក្នុងឃុំ និងឃុំជើងកើប ជួយទ្វាទឹកពីរ និងដាក់បង្អួចសាលារៀនមួយចំនួនផងដែរ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ជូនដល់សមាជិកសមជិការ ដែលបានចូលរួមចំនួន៣៥០នាក់ ក្នុងម្នាក់ៗ ៤០០០០រៀលផងដែរ៕